ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

កំពុងមានទីផ្សារខ្លាំងលើវិថីសិល្បៈស្រាប់តែតារាវ័យក្មេង ឃុល សាមេនតា ត្រូវ ឪពុកម្តាយចង់ឱ្យធ្វើរឿងនេះនៅក្រៅប្រទេសជាជាងសម្ដែង….

០៦ កញ្ញា ២០២៤ | កម្សាន្ដ

 

ស្ថិតនៅក្នុងគ្រួសារដែលមានជីវភាពធូធារគ្រាន់តារាសម្ដែងវ័យ១៧ ឆ្នាំ ឃុល សាមេនតា ត្រូវបានឪពុកម្តាយរៀបចំ និងចង់ឱ្យនាងចេញទៅបន្តការសិក្សានៅក្រៅប្រទេស ជាជាងចាប់អាជីពសម្តែង ។

 

 

ស្របពេលមានវត្តមាននៅក្នុងភាពយន្តថ្មីរបស់ខ្លួន កញ្ញាវ័យ ១៧ ឆ្នាំ ឃុល សាមេនតា កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន នាងមិនត្រឹមត្រូវមានទេពកោសល្យសម្តែងល្អប៉ុណ្ណោះទេ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាស្រីមួយចំនួនឡើយ។ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺនៅពេលដែលកំពុងល្បីឈ្មោះស្រាប់តែនាងត្រៀមនឹងចេញទៅបន្តការសិក្សានៅក្រៅប្រទេសតាមបំណងគ្រួសារទៅវិញ ។ 

 

 

ក្នុងមួយឆ្នាំៗតារាសម្តែងវ័យក្មេងរូបនេះ ទទួលថតរឿងតិចតួចបំផុត ភាគច្រើននាងទទួលថតរឿងខ្នាតធំប៉ុណ្ណោះជាក់ស្តែងកន្លងមកនាងលេចធ្លោខ្លាំងក្នុងរឿង « នាឡិកាដាស់វិញាណ » ដែលល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ហើយនាងថែមទាំងទទួលបានពានរង្វាន់ពីស្នាដៃនោះផងដែរ ។ 

 

 

ថ្មីៗនេះ ឃុល សាមេនតា ក៏កំពុងមានវត្តមាននៅក្នុងរឿង« ព្រាយផ្ទះកន្លង » របស់ផលិតកម្ម LD  ដោយនាងបានសម្តែងជាតួឯកស្រីនៅក្នុងរឿងនេះតែម្តង ស្នាដៃថ្មីនេះកាន់តែបង្ហាញឱ្យឃើញថា ឃុល សាមេនតា ខ្លាំងមិនធម្មតាទេ ។ 

 

 

បច្ចុប្បន្នតារាសម្ដែងវ័យក្មេងរូបនេះ ជាសិស្សថ្នាក់ទី ១២ នៅក្នុងសាលាឯកជនមួយ នៅពេលបញ្ចប់ការសិក្សា នាងមានបំណងនឹងចេញទៅបន្តការសិក្សានៅក្រៅប្រទេសតាមការពេញចិត្តរបស់ឪពុកម្តាយ ។

 

 

កញ្ញា បានប្រាប់ថា ពេលប្រលងចប់នាងនឹងធ្វើតាមសំណូមពររបស់ឪពុកម្តាយ ប៉ុន្តែនាងក៏មិនបោះបង់អាជីពសិល្បៈចោលដែរ បើមានឱកាសល្អនាងនៅតែទទួលសម្តែងដូចដើម ។ 

 

 

កញ្ញា ឃុល សាមេនតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យម្នាក់នាពេលបច្ចុប្បន្ន សូម្បីតែអ្នកដឹកនាំរឿងល្បីៗជាច្រើនក៏បានសរសើរពីស្នាដៃសម្តែងរបស់នាង រហូតធ្វើឱ្យនាងមានទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈ ប៉ុន្តែពេលនេះដោយសារមមាញឹក និងត្រៀមខ្លួនដើម្បីប្រលងបញ្ចប់ថ្នាក់បាក់ឌុបរបស់ខ្លួនក្នុងឆ្នាំ ២០២៥ ខាងមុខ នាងសុំមិនទទួលថតរឿងច្រើនឡើយ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024