ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

Selena Gomez មានឈ្មោះប្រកួតពានរង្វាន់ Emmy លើកដំបូងក្នុងជីវិត

១៩ កក្កដា ២០២៤ | កម្សាន្ដ

 

តារាស្រីអាមេរិក Selena Gomez កំពុងទទួលជោគជ័យកាន់តែខ្លាំងឡើងក្នុងអាជីពសម្ដែង ដោយបន្ទាប់ពីទទួលបានពានរង្វាន់មួយពីមហោស្រពកាន ពេលនេះនាងក៏បានជាប់ឈ្មោះប្រកួតពានរង្វាន់តួឯកស្រីឆ្នើមក្នុងកម្មវិធីធំមួយទៀតរបស់អាមេរិក។

 


កម្មវិធី Emmy Awards ដែលជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បីសម្រាប់វិស័យភាពយន្តទូរទស្សន៍របស់អាមេរិកទើបតែប្រកាសបញ្ជីបេក្ខភាពចុងក្រោយកាលពីពេលថ្មីៗ ហើយមួយក្នុងចំណោមអ្នកជាប់បេក្ខភាពនោះក៏មានឈ្មោះ Selena Gomez ដែរ ដែលបានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់តួឯកស្រីឆ្នើមក្នុងភាពយន្តភាគកំប្លែង តាមរយៈរឿង “Only Murders in the Building”។

 


ក្រៅពី Selena Gomez តារាសម្ដែងផ្សេងទៀតដែលបានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់នេះដែររួមមាន តារាសម្ដែង Quinta Brunson (ឃីនថា ប្រ៊ូសុន) ពីភាពយន្ត “Abbott Elementary” តារាសម្ដែង Ayo Edebiri (អេយ៉ូ អេដេប៊ីរី) ពីភាពយន្ត “The Bear” តារាសម្ដែង Jean Smart (ជាន ស្មាត) ពីភាពយន្ត “Hacks” តារាសម្ដែង Maya Rudolph (ម៉ាយ៉ា រូ ដហ្វ)ពីភាពយន្ត “Loot” និងតារាសម្ដែង Kristen Wiig (គ្រីស្ទីន វីក) ពីភាពយន្ត “Palm Royale” ដែលសុទ្ធសឹងជាតារាសម្ដែងពោរពេញដោយសមត្ថភាព។ 

 


ការបានចូលរួមប្រកួតប្រជែងពានរង្វាន់លើកនេះត្រូវបានគេចាត់ទុកថាជាជំហានថ្មីមួយទៀតលើវិថីអាជីពសម្ដែងរបស់ Selena Gomez ដែលកំពុងទទួលបានផ្លែផ្កាយ៉ាងប្រសើរ បន្ទាប់ពីបានទទួលពានរង្វាន់មួយរួចទៅហើយពីកម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានកាលពីខែឧសភាកន្លងទៅ តាមរយៈការសម្ដែងភាពយន្ត “Emilia Pérez” (អេមីលៀ ប៉េរ៉េស)។

 


ក្រោយការប្រកាសនេះ ម្ចាស់បទ “Same of Love” ក៏បានបង្ហោះ Story នូវរូបភាពជាមួយនំខេកដើម្បីអបអរ ព្រមជាមួយពាក្យពេចន៍ថា “ខ្ញុំពិតជាមានកិត្តិយស និងអរគុណខ្លាំងណាស់សម្រាប់រឿងមួយនេះ សូមអរគុណក្រុមការងារ Only Murders ដែលឱ្យខ្ញុំសម្ដែងតួអង្គ Mabel”។ គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ Emmy Awards នឹងប្រកាសអ្នកឈ្នះពានទាំងអស់នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ៕

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024