ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

YG ធ្លាក់ចំណូលសឹង ១០០% ក្រោយអវត្តមាន BLACKPINK

១៨ កក្កដា ២០២៤ | កម្សាន្ដ

 


អ្នកនាង Kim Hye Yeong (គីម យេយ៉ង) អ្នកស្រាវជ្រាវនៅក្រុមហ៊ុន DAOL Investment & Securities បាននិយាយកាលពីថ្មីៗនេះថា ការលក់ជារួមរបស់ក្រុមហ៊ុន YG Entertainment សម្រាប់ខែឧសភាដល់ខែសីហាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ 35.8% ធៀបនឹងឆ្នាំមុនមកនៅត្រឹម 73.4 លានដុល្លារ ខណៈប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះ 98.9% នៅសល់ត្រឹម ប្រហែល 217,000 ដុល្លារ (ពីរសែនមួយម៉ឺនប្រាំពីរពាន់ដុល្លារ)។

 

 

 


អ្នកនាងបន្ថែមថា ចំណែកសំខាន់ក្នុងការរកចំណូលនៅត្រីមាសទីពីររបស់ YG គឺការលក់អាល់ប៊ុមរបស់ក្រុមនារីថ្មី BABYMONSTER និងចំណូលពីការប្រគំតន្ត្រីរបស់ក្រុមបុរស TREASURE។ ទោះយ៉ាងណា ប្រាក់ចំណូលពីកម្មសិទ្ធិបញ្ញាបទចម្រៀងរបស់ក្រុមដែលនៅសកម្មទាំងពីរមិនសូវអំណោយផលនោះទេ។ តម្លៃភាគហ៊ុនរបស់ YG ក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ ទន្ទឹមនឹងការរំពឹងមិនសូវល្អលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ 

 

 


គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣ YG និង BLACKPINK បានបន្តកិច្ចសន្យាសម្រាប់សកម្មភាពជាក្រុមរបស់ពួកគេ ប៉ុន្តែសមាជិកម្នាក់ៗមិនបានបន្តកិច្ចសន្យាសម្រាប់ការងារទោលនោះទេ។ អ្នកវិភាគជឿថាភាពមិនច្បាស់លាស់ជុំវិញសកម្មភាពក្រុមរបស់ BLACKPINK កំពុងជះឥទ្ធិពលយ៉ាងអវិជ្ជមានទាំងតម្លៃភាគហ៊ុន និងប្រាក់ចំណូល។ អ្នកវិភាគបន្តថា ដើម្បីអាចស្ដារស្ថានភាពឡើងវិញបានលុះត្រាតែ ក្រុម BLACKPINK អាចបន្តសកម្មភាពឡើងវិញ ហើយក្រុម BABYMONSTER ត្រូវតែទទួលជោគជ័យឱ្យបានដូចសិស្សច្បងរបស់ខ្លួននៅឆ្នាំក្រោយ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024