ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ផ្ទុះរឿងជនទី៣មិនទាន់ស្ងាត់ ស្រាប់តែប្រទះឃើញរូបថត Pre-wedding វ៉ាយ និង មាស នីតា ធ្វើឱ្យហ្វេនរឹតតែសង្ស័យ

០៣ កក្កដា ២០២៤ | កម្សាន្ដ

 

ហ្វេនៗរឹតតែជ្រួលច្របល់ចង់ដឹងការពិត ក្រោយប្រទះឃើញរូបថត Pre-wedding ជាច្រើនសន្លឹករបស់ វ៉ាយ និង មាស នីតា ស្របពេលដែលរឿងជនទី៣ក្នុងស្នេហា យ៉ែម ស្រីពេជ្រ និង ពូណុយ នៅពុំទាន់ស្ងប់ស្ងាត់ស្រួលបួលនៅឡើយ។

 

 

ថ្មីៗនេះ តារាចម្រៀងសាច់សខ្ចី វ៉ាយ បានជាប់ជំពាក់ជំពិនជាជនទី៣ ក្នុងរឿងរ៉ាវស្នេហារបស់ពិធីការនី យ៉ែម ស្រីពេជ្រ និង ពូ ណុយ ធ្វើឱ្យអ្នកជុំវិញខ្លួន រួមទាំងហ្វេនៗកើតការងើយឆ្ងល់ជាខ្លាំង។

 

 

រឿងស្នេហាត្រីកោណនេះមិនទាន់ស្ងាត់ស្រួលបួលផង ស្រាប់តែកើតរឿងថ្មីមួយទៀត ក្រោយគេប្រទះឃើញរូបថត Pre-wedding ជាច្រើនសន្លឹករបស់តារាចម្រៀង វ៉ាយ និងស្រីស្អាត មាស នីតា។

 

 

គួរឱ្យចាប់អារម្មណ៍ ប៉ុន្មានថ្ងៃមុនគេគ្រាន់តែឃើញអ្នកទាំងពីរបង្ហោះរូបផ្អែមល្អែមលក្ខណៈគូស្នេហ៍នៅមាត់សមុទ្រប៉ុណ្ណោះ តែថ្មីៗនេះ ម្ចាស់បទ «សម្ពាធគ្រួសារ» បែរជាបង្ហោះរូបឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ហាក់បីដូចកំពុងថត Pre-wedding ជាមួយគ្នាតែម្តង។

 

 

ឃើញរូបថតដ៏ផ្អែមល្អែមទាំងនេះភ្លាម ហ្វេនៗជាច្រើនបានចោតជាសំនួរថា តើជាការពិតឬយ៉ាងណា? វ៉ាយ និង មាស នីតា ពិតជាត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗនេះ? ព្រោះតាមរូបភាពបង្ហោះលើបណ្តាញសង្គម អ្នកទាំងពីរមើលទៅសិទ្ធិស្នាលគ្នាខ្លាំងមែនទែន បើប្រាប់ថា មិនមែនគូស្នេហ៍ក៏គេមិនជឿនោះឡើយ។

 

 

ជុំវិញរឿងកំពុងកើតឡើងនេះ តារាចម្រៀងមានប្រភពពីខេត្តព្រៃវែង វ៉ាយ សុំមិនបញ្ជាក់អ្វីច្រើនពីរូបថត Pre-wedding នោះឡើយ ប្រាប់តែថា ពេលវេលានឹងបង្ហាញឱ្យគ្រប់គ្នាដឹងពីការពិត។ ម៉្យាង caption លើរូបថតក៏បញ្ជាក់ពីអត្ថន័យស្រាប់ទៅហើយ លោកពុំត្រូវការបញ្ជាក់អ្វីផ្សេងនាំវែងឆ្ងាយឡើយ។រឹតតែធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តចង់ដឹងការពិត ពេលគ្រប់គ្នាឃើញ caption មាស នីតា បង្ហោះលើហ្វេសប៊ុកថា «យើងនឹងដើរទៅមុខជាមួយគ្នា ត្រៀមៗ» ហាក់បីដូចជាបញ្ជាក់ឱ្យដឹងច្បាស់ៗពីភាពច្បាស់លាស់របស់អ្នកទាំងពីរ។

 

គួររំឮកផងដែរថា អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ វ៉ាយ និងអតីតបេក្ខភាពឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ មាស នីតា មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ សូម្បីតែពេល នីតា រងការរិះគន់យ៉ាងចាស់ដៃរឿងធ្លាប់រៀបការ និងជាកូនរមិលគុណ គឺមាន វ៉ាយ ជាអ្នកនៅចាំជួយលើកទឹកចិត្តគ្រប់ពេលវេលា។

 

ដូចគ្នានោះផងដែរ ពេល វ៉ាយ ផ្ទុះរឿងជនទី៣ក្នុងស្នេហាពិធីការនី យ៉ែម ស្រីពេជ្រ និង ពូ ណុយ តារាចម្រៀងរូបស្រស់ មាស នីតា ឈរនៅក្បែរជាកម្លាំងចិត្តឱ្យ វ៉ាយ ជានិច្ច ទើបសម្ព័នភាពរបស់អ្នកទាំងពីរកាន់តែល្អៗឡើងៗរហូតឈានដល់ការបែកធ្លាយរូបថត Pre-wedding ទាំងនេះតែម្តងទៅ។យ៉ាងណាមិញ នេះគ្រាន់តែជាអ្វីដែលបានឃើញលើបង្ហាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ការពិតបែបណាមានតែរង់ចាំការបកស្រាយពីសាម៉ីខ្លួនទាំងពីរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024