ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

បវរកញ្ញាវ័យក្មេង ឆព័ណ្ណ ភ័ណ្ណកណិកា កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ត្រៀមតំណាង កម្ពុជា ប្រកួតថ្នាក់អន្តរជាតិ

៣០ សីហា ២០២៤ | កម្សាន្ដ

 

 

បវរកញ្ញាវ័យក្មេងកម្ពុជា ឆព័ណ្ណ ភ័ណ្ណកណិកា ត្រូវបានតែងតាំងជា Little Miss Icon Cambodia 2024 ត្រៀមតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីថ្នាក់អន្តរជាតិ Next Generation Icon 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខ។ 

 

 

ក្រោយឈ្នះជយលាភី 2nd Runner up និងពានរង្វាន់ពិសេសចំនួន២ គឺ Best Introduction និង Best Catwalk ពីកម្មវិធីប្រកួតបវរកញ្ញាវ័យក្មេង Little Miss Cambodia 2023 បវរកញ្ញាវ័យកេ្មងពោរពេញដោយសមត្ថភាព ទេពកោសល្យ ឆព័ណ្ណ ភ័ណ្ណកណិកា ត្រូវបានក្រុមហ៊ុន Mediaload តែងតាំងជា Little Miss Icon Cambodia 2024 តំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីថ្នាក់អន្តរជាតិ Next Generation Icon 2024 ដែលកម្ពុជាទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

 

 

កុមារីវ័យ១២ឆ្នាំ ភ័ណ្ណកណិកា នឹងតំណាងកម្ពុជាចូលរួមប្រកួតក្នុងផ្នែក Little Miss នៃការប្រកួត Next Generation Icon 2024 ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ពេលវេលាកាន់តែរំកិលខិតជិតមកដល់ បវរកញ្ញាវ័យក្មេងរូបនេះ កាន់តែពង្រឹងសមត្ថភាពឱ្យខ្លាំងក្លាត្រៀមសម្រាប់ការតំណាងកម្ពុជាលើកដំបូង។ 

 

 

តាមការបញ្ជាក់ប្រាប់ពីក្រុមគ្រួសាររបស់កុមារីគួរឱ្យស្រលាញ់នេះ កណិកា បានកំពុងត្រៀមខ្លួនជាមួយការហ្វឹកហាត់បន្ថែមទៅលើ Catwalk, ភាសា, សំនួរចម្លើយ, បង្កើនភាពជឿជាក់ឱ្យខ្លាំងជាងមុន រួមទាំងចំណេះដឹងទូទៅក្នុងការត្រៀមខ្លួនជាបវកញ្ញាម្នាក់ដែលត្រូវតំណាងកម្ពុជា និងបញ្ចេញសម្លេងទៅដល់យុវតីជំនាន់ក្រោយ និងមនុស្សគ្រប់រូបផងដែរ។ 

 

 

នាងប្តេជ្ញាចិត្តថា  នឹងខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយនិងចិត្ត ដើម្បីនាំនូវជយលាភី និងកិត្តិយសជូនដល់កម្ពុជា ឱ្យស័ក្កសមដែលឆ្នាំនេះកម្ពុជាយើងទទួលបន្ទុកធ្វើជាម្ចាស់រៀបចំការប្រកួតដ៏អស្ចារ្យនេះ។

 

 

ក្រៅពី បវរកញ្ញាវ័យក្មេង ឆព័ណ្ណ ភ័ណ្ណកណិកា ដែលត្រូវជ្រើសតាំងជា Little Miss Icon Cambodia 2024 ក៏មានបវរកញ្ញាវ័យក្មេងកម្ពុជា ២រូបទៀតដែលនឹងចូលរួមប្រកួតក្នុងកម្មវិធី Next Generation Icon 2024 ជាមួយគ្នា គឺ កុមារី តាន់ អេឡេនណា នឹងតំណាងកម្ពុជាចូលរួមប្រកួតផ្នែក Mini Miss រីឯ អៀប ណាតាលី នឹងតំណាងកម្ពុជាចូលរួមប្រកួតផ្នែក Miss Pre Teen។

 

 

សូមជម្រាបថា កុមារីដ៏ឆ្លាតវ័យ ឆព័ណ្ណ ភ័ណ្ណកណិកា អាយុ 12 ឆ្នាំ។ នាងបានកើត និងធំធាត់ឡើង នៅទឹកដីខេត្តកណ្តាល។ សព្វថ្ងៃ នាងកំពុងសិក្សាថ្នាក់ទី៦ ហើយពេលទំនេរនាងចូលចិត្តស្វែងយល់បន្ថែមអំពីប្រវត្តិ ការសម្ដែង រាំ និងបង្ហាញម៉ូដ ជាដើម។ 


នាងជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសម្លេងនៃភាពវិជ្ជមានដល់មនុស្សគ្រប់គ្នា គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហា និងធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងប្រសើរជាងមុន ហើយនាងចូលចិត្តរួមចំណែកក្នុងសង្គម ហើយចង់ក្លាយជាមនុស្សគំរូម្នាក់ក្នុងសង្គមផងដែរ។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់ Little Miss Icon Cambodia 2024 និងចូលរួមបោះឆ្នោតគាំទ្រនាងឱ្យបានច្រើនកុះករ ដើម្បីនាងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការតំណាងកម្ពុជាលើវេទិកាអន្តរជាតិនេះ!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024