ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
មិនហ៊ានដឹកដៃតារាសម្តែង ឈិន មុន្នីនាថ ចូលរោងការតាមប្រពៃណីផង ស្រាប់តែនាយ ព្រែក បង្ហើបប្រាប់ពីចរិតនារីក្នុងក្តីស្រមៃរបស់ខ្លួនឱ្យមហាជនបានដឹងលឺ តែមិនដឹងថានារីម្នាក់នោះគឺជា ឈិន មុន្នីនាថ ឬជានរណាទេ។
ទំនាក់ទំនងនាយ ព្រែក និង តារាសម្តែង ឈិន មុន្នីនាថ មួយរយៈពេលចុងក្រោយនេះ កាន់តែស្និត្ធស្នាលគ្នាឡើង ទាំងការថតរឿងខ្លី និង ទៅចូលរួមកម្មវិធីនានា។ តែទោះជាយ៉ាងនេះក្តីនាយ ព្រែក នៅតែនិយាយដដែលថា លោកមិនទាន់មានគម្រោងរៀបការទេ ចំណែកនារីក្នុងក្តីស្រមៃរបស់ខ្លួនគឺមានចរិតបែបនេះ ។
ពិធីកររូបនេះ កាន់តែមានប្រជាប្រិយភាពខ្ពស់បន្ទាប់ពីបានក្លាយជាពិធីករប្រចាំនៅទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី « អ្នកជិតខាង » ជាពិសេសថ្មីៗនេះលោកបានដឹកនាំសម្តែងរឿងខ្លីៗដោយខ្លួនឯង រួមជាមួយក្រុមសម្តែងរបស់ខ្លួនទៀត កាន់តែធ្វើឱ្យស្នាដៃលោកល្បីល្បាញឡើងថែមមួយកម្រិតទៀត ។
ចូលវ័យក្បែរ ៣០ ឆ្នាំហើយ នាយ ព្រែក មានគ្រប់បែបយ៉ាង មិនថា ផ្ទះសំបែង រថយន្ត និងទ្រព្យសម្បត្តិនានា... ដែលអាចឱ្យលោក រៀបការតាមបំណងប្រាថ្នាបាន ។ ជួបជាមួយ នាយ ព្រែក កាលពីពេលថ្មីៗនេះ លោកបែរជានិយាយថា បើចង់រៀបការគឺរៀបបានហើយ ពីព្រោះលោមានអ្វីគ្រប់បែបយ៉ាងហើយ តែសំខាន់មិនដឹងរៀបការជាមួយនរណា ។
ថ្វីដ្បិតតែមាត់និយាយបែបនេះក្តី លោកនៅតែសរសើរថា កញ្ញា ឈិន មុន្នីនាថ គឺជាមនុស្សស្រីដ៏ល្អ ប៉ុន្តែយើងទាំងពីរនៅពុំទាន់គិតគូរឿងរៀបការនៅឡើយទេ ដោយសារ តែខាងស្រី នៅក្មេង ហើយចង់ស្វែងរកក្តីស្រមៃខ្លួនសិន ។
ជាមួយគ្នានេះផងដែរ នាយ ព្រែក ក៏បានបង្ហើបប្រាប់ពីចរិតលក្ខណៈនារីក្នុងក្តីស្រមៃខ្លួនថា «ខ្ញុំ ស្រឡាញ់មនុស្សស្រីស្លួតបូត សុភាពរាបសារ មិនសូវចេះមាត់ក ។ បើមនុស្សស្រីដែលមានចរិតកាច ឆ្នាស់ គឺនៅជាមួយខ្ញុំមិនត្រូវគ្នាទេ » ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក