ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ពិតជាពិសេសខ្លាំងណាស់ ឆ្នាំនេះ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat បានចាប់ដៃឆ្នើមក្នុងវិស័យគ្រឿងអលង្ការ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្មវិធី Miss Planet Cambodia 2024។ អ្វីដែលសំខាន់ គឺនាងមានគោលជំហរច្បាស់លាស់ក្នុងការទិញសិទ្ធិរៀបចំកម្មវិធីដែលបង្កើតដោយកូនខ្មែរនេះ។
បន្ទាប់ពីជោគជ័យលើការរៀបចំកម្មវិធីប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់ផ្តើមបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ដោយនាងបានចាប់ដៃស្រ្តីឆ្នើមក្នុងវិស័យគ្រឿងអលង្ការ អ្នកនាង លឹម សុធាលីកា ជា CEO នៃហាងរចនាគ្រឿងអលង្ការ ជាងហេងវណ្ណអាន ធ្វើជាអ្នកគ្រប់គ្រងថ្មី នៃស្ថាប័ន Miss Planet Cambodia 2024។
នេះជាការផ្លាស់ប្តូរទ្រង់ទ្រាយធំរបស់ កញ្ញា ក្នុងដំណើរជាអ្នកគ្រប់គ្រងថ្នាក់ជាតិ នៃកម្មវិធី Miss Planet Cambodia 2024។ National Director ថ្មីនៃកម្មវិធី Miss Planet Cambodia 2024 បានរៀបចំពិធិសន្និសីទកាសែតបើកប្រកាសជាផ្លូវការ ពីការបើកទទួលពាក្យចូលរួមប្រកួតប្រជែង Miss Planet Cambodia 2024 កាលពីរសៀលថ្ងៃទី១០ ខែឧសភា កន្លងទៅ ដោយមានការចូលរួមពីកញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2020 និងបណ្តា fan pages អ្នកគាំទ្រវិស័យបវរកញ្ញាល្បីៗនៅកម្ពុជា ថែមទាំងបើកឱ្យគ្រប់គ្នាសួរនាំអំពីដំណើរការប្រកួត និងការរៀបចំផ្សេងៗផងដែរ។
ឆ្លៀតឱកាសដ៏ពិសេសនេះ Kate Cat បានបញ្ជាក់ឱ្យដឹងច្បាស់ៗពីការសម្រេចចិត្តទិញសិទ្ធរៀបចំកម្មវិធី Miss Planet Cambodia 2024 ជាមួយចក្ខុវិស័យក្នុងការរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិឱ្យប្រសិទ្ធភាព ដើម្បីចម្រាញ់យកបេក្ខភាពដ៏មានគុណភាពស័ក្កសមតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធីអន្តរជាតិ។
Kate Cat ជឿជាក់ថា ក្រោមការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពី CEO នៃហាងរចនាគ្រឿងអលង្ការ ជាងហេងវណ្ណអាន និងក្រុមការងារដ៏មានគុណភាព ពិតជាអាចរៀបចំកម្មវិធី Miss Planet Cambodia 2024 បានយ៉ាងល្អសម្រាប់ឆ្នាំដំបូងនៃការទិញសិទ្ធកាន់កាប់កម្មវិធីនេះ។
ក្នុងនោះផងដែរ កញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2020 ក៏បានចែករំលែកបទពិសោធន៍ក្នុងនាមម្ចាស់ជយលាភី Miss Planet Cambodia ដំបូងគេបង្អស់ ទោះបីនាងមិនមានឱកាសស្រែកពាក្យ CAMBODIA លើឆាកអន្តរជាតិក៏ពិតមែន តែនាងសូមលើកទឹកចិត្តដល់សុភាពនារីគ្រប់រូបដែលមានក្តីស្រមៃ ហើយស្រលាញ់វិស័យនេះឱ្យដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យច្រើនកុះករ។សម្រាប់ព័ត៌មានលម្អិតផ្សេងៗពាក់ព័ន្ធការប្រកួត និងការដាក់ពាក្យ លោកអ្នកអាចតាមដានតាមរយៈទំព័រហ្វេសប៊ុក Miss Planet Cambodia៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច