ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

គឺ ស្រីនុត បង្ហាញការលំបាកពីការថតតួអង្គទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី

០៩ មេសា ២០២៤ | កម្សាន្ដ

ស្របពេលគ្រងតំណែង « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥  កញ្ញា គឺ ស្រីនុត បានបង្ហាញនូវការលំបាកជាច្រើនក្នុងការថតតួអង្គទេវឆ្នាំថ្មីព្រះនាម មហោទរាទេវី តែទោះជាយ៉ាងណាកញ្ញា គឺ ស្រីនុតបានខំប្រឹងប្រែងសម្តែងអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អដូចដែលមហាជនបានឃើញ ។ 

 

 

មហាជនជាច្រើនបានផ្ទុះការសរសើរចំពោះវិដេអូផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី ដែលសម្តែងដោយតារាស្រី គឺ ស្រីនុត បើទោះបីជានាងនៅក្មេងមិនមានបទពិសោធខាងសិល្បៈ ប៉ុន្តែនាងពិតជាសក្តិសមនិងតំណែងនេះខ្លាំងណាស់ ។ នៅពីក្រោយរូបភាពនៃការថតឈុតឆាកទេវតាឆ្នាំថ្មីនេះ កញ្ញា គឺ ស្រីនុត បានជួបនូវការលំបាកជាច្រើន ទំរាំតែថតបានឈុតដ៏ល្អឯកឱ្យមហាជនបានទស្សនា។ 

 

 

មុននឹងថតតួអង្គទេវតាឆ្នាំថ្មីនេះ កញ្ញា គឺ ស្រីនុត បានហាត់រៀនសមជាមួយគ្រួជំនាញៗ ទាំងការ និយាយស្តី និង ការដើរជាដើម ដើម្បីឱ្យសមទៅនឹងតួអង្គទេវតាឆ្នាំថ្មី ជាក់ស្តែងនៅថ្ងៃហាត់សមថតតួអង្គទេវតានេះ គឺនាងបានជួបនូវហេតុការណ៍ជាច្រើន ។ 

 

 

កញ្ញា គឺ ស្រីនុត បានប្រាប់ថា នៅថ្ងៃហាត់សមនោះ នាងមានអារម្មណ៍ថា ឈឺក្បាលខ្លាំង ថប់ដង្ហើមពិបាកក្នុងខ្លួន ទ្រាំសឹងតែពុំបាន ដំបូងនាងគិតថានាងធ្វើមិនបានល្អទេ ព្រោះចេះតែមានរឿងរ៉ាវផ្សេងៗកើតឡើង ។ ដោយឡែកនៅថ្ងៃក្រុងពាលីចេញថតមែនទែន ស្រាប់តែនាងមានអារម្មណ៍ល្អប្រសើរឡើងវិញ បន្ទាប់ពីបានអុជធូបបន់ស្រន់ទៅតាមប្រពៃណី និងសុំឱ្យខ្លួនសុខសប្បាយ  ។

 


 
កញ្ញាពិតជារំភើបចិត្តខ្លាំងនៅពេលដែលគ្រងឈុតទេវតាឆ្នាំថ្មី ជាពិសេសនៅពេលដែលថតឈុតជិះសត្វពាហនៈ គឺកាន់តែធ្វើឱ្យនាងមានអារម្មណ៍ថា ខ្លួនពិតជាអស្ចារ្យ និងមានសំណាងដែលបានគ្រងតំណែងមួយនេះ ។   

 


បន្ទាប់ពីឃើញស្នាដៃដ៏ល្អរបស់បវរកញ្ញារូបនេះ ក្នុងតំណែងជាតួអង្គរទេវតាព្រះនាម មហោទរាទេវី បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរថា កញ្ញា គឺ ស្រីនុត ពិតជាធ្វើបានយ៉ាងល្អក្នុងតំណែងមួយនេះ ។ 

 

 

គួរបញ្ជាក់ផងដែរថា ក្រោយពីគ្រងម្ចាស់មកុដ « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ កញ្ញា គឺ ស្រីនុត កាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ទាំងការងារសប្បុរសធម៌ និងការងារថតម៉ូដផ្សេងៗ ។ កញ្ញា គឺ ស្រីនុត បានប្តេជ្ញាចិត្ត នឹងបំពេញការងារខ្លួនឱ្យល្អក្នុងនាមជា  « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ ៕ 

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024