ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ពិសេសណាស់! ព្រះនាងតូច ជេនណា, ពេជ្រ សូលីកា ចាប់ដៃគ្នាធ្វើកិច្ចការមួយនេះ!

២៦ មីនា ២០២៤ | កម្សាន្ដ

ពិតជាពិសេសណាស់!ព្រះនាងតូចនរោត្ដម ជេនណា និងតារាល្បីឈ្មោះ ពេជ្រ សូលីកា បានចាប់ដៃគ្នាលើកដំបូងធ្វើរឿងមួយនេះឱ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍។តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា និងព្រះនាងតូច នរោត្ដម ជេនណា បានចាប់ដៃគ្នាលើកដំបូងដើម្បីក្រសោបទីផ្សារ និងគាំទ្រកាន់តែខ្លាំងពីមហាជន។

 

 

ការនេះក្រោយពីអ្នកទាំងពីរបានចូលរួមព្រឹត្តិការណ៍ដ៏ធំសម្បើមមួយកាលពីចុងសប្តាហ៍កន្លងទៅ នៅបរិវេន Elysse កោះពេជ្រ ជាមួយតារាល្បីៗជាច្រើនរួមមាន៖ លោក ហ្សូណូ, Influencer វ័យក្មេងកំពុងល្បី ម៉ក់ ឈុនលី ក្នុងកម្មវិធីប្រកាសជាផ្លូវការទូតសុឆន្ទៈនៃផលិតផលគ្រឿងសម្អាង ម៉ូរៀ។

 

 

គួរឱ្យភ្ញាក់ផ្អើលខ្លាំងជាងនេះ ព្រះនាងតូច ជេនណា និងសិល្បករលំដាប់ជួរមុខនៅកម្ពុជា ៣ រូបខាងលើ ត្រូវបានប្រកាសជាទូតសុឆន្ទៈព្រមៗគ្នាតែម្តង។ ព្រះនាងតូច ជេនណា មានព្រះបន្ទូលថា ព្រះនាងមានព្រះទ័យសោមនស្សរីករាយ ដែលទទួលបានឱកាសការងារអ្នកតំណាងថ្មីនេះ ដោយទ្រង់បានធ្វើការតេសប្រើប្រាស់សាកល្បងរួចរាល់ហើយ មុនឈានដល់ការធ្វើពិធីប្រកាសជាទូតសុឆន្ទៈនៅពេលនេះ។ 

 

 

ចំណែក កំលោះសង្ហា ម៉ក់ ឈុនលី សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ដែលបានវិវត្តន៍ខ្លួនពីអតិថិជនមកជាអ្នកតំណាង និងបានធ្វើការរួមគ្នាជាមួយ ព្រះនាងតូច និងសិល្បកររៀមច្បងជាច្រើននាក់បែបនេះ។ ខណៈអ្នកម្តាយស្រស់សោភា និងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សូលីកា និងតារាចម្រៀងមនោសញ្ចេតនា ហ្សូណូ វិញ បានលើកឡើងស្រដៀងគ្នាពីសារៈសំខាន់នៃការប្រើប្រាស់គ្រឿងសម្អាងឱ្យត្រូវតាមវ័យផងដែរ។

 

 

 

ឆ្លៀតឱកាសពិសេសនេះ លោកឧកញ៉ា សឹង ចាន់វិជ្ជា និងលោកជំទាវ គេន អច្ឆរ៉ា បានមានប្រសាសន៍ថា មុនទទួលការងារជាទូតសុឆន្ទៈ សិល្បករល្បីៗទាំង ៤ រូបសុទ្ធតែបានប្រើប្រាស់ផលិតផលដោយផ្ទាល់ ហើយសិល្បករខ្លះជាអតិថិជនផ្ទាល់តែម្តង។ លោកជឿជាក់ថា តាមរយៈកិត្តិនាម ភាពល្បីល្បាញ និងប្រជាប្រិយភាពរបស់សិល្បករទាំង៤រូប នឹងជួយជំរុញសន្ទុះទីផ្សារឱ្យកាន់តែខ្ពស់ ជាពិសេសជំរុញផលិតផលមានគុណភាពប្រសិទ្ធភាពខ្ពស់ដល់ដៃអ្នកប្រើប្រាស់។

 

 

ដើម្បីអបអរសាទរពិធីប្រកាសជាផ្លូវការទូតសុឆន្ទៈនេះ ម្ចាស់បទ «ហេតុអ្វីយើងបែកគ្នា» ពេជ្រ សូលីកា, លោក ហ្សូណូ និង ព្រះនាងតូច បានឡើងបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំជាច្រើនបទ បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅចំពោះមុខភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ លើសពីនេះ ក៏មាន mini concert ពីតារាចម្រៀងដ៏មានប្រជាប្រិយភាព KWAN ម្ចាស់បទ «នឹក» និងសិល្បករផ្សេងទៀតផងដែរ ញ៉ាំងឱ្យពិធីប្រកាសទូតសុឆន្ទៈនេះរឹតតែសប្បាយរីករាយ គួរជាទីចងចាំ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024