ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤

ចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាបង្រួបបង្រួមជាតិរវាងក្រុមHamasនិងFatah

 

 

 

ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាបង្រួបបង្រួមជាតិប៉ាលេស្ទីនរវាងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស់(Hamas) និងគូសត្រូវរបស់ខ្លួនគឺក្រុមហ្វាតាស(Fatah)។ នេះបើតាមការឱ្យដឹងពីក្រុមទាំង២និងមន្ត្រីទូតចិននៅថ្ងៃសុក្រ(២៦មេសា)។ ចំពោះកិច្ចពិភាក្សានេះត្រូវបានគេមើលឃើញថាជាការឈានជើងចូលដ៏គួរឱ្យកត់សម្គាល់មួយរបស់ប្រទេសចិនទៅក្នុងកិច្ចការទូតប៉ាលេស្ទីន ចំពេលមានសង្គ្រាមនៅតំបន់ហ្គាហ្សា។ 


ក្រុមហាម៉ាស់(Hamas)គ្រប់គ្រងនៅតំបន់ហ្គាហ្សាជាក្រុមដែលសម្រុកចូលវាយប្រហារលើទឹកដីអ៊ីស្រាអ៊ែល កាលពីថ្ងៃ៧តុលាសម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៥៣នាក់ជាចំណាប់ខ្មាំង។ ចំណែកប្រទេសអ៊ីស្រាអ៊ែល បានស្បថថានឹងកំទេចក្រុមហាម៉ាស់ ដែលការវាយប្រហារតបវិញរបស់អ៊ីស្រាអ៊ែលលើក្រុមហាម៉ាស់បានសម្លាប់ពលរដ្ឋប៉ាលេស្ទីនច្រើនជាង៣៤០០០នាក់។ 


ក្រុមហ្វាតាស(Fatah) គឺជាចលនារបស់លោក Mahmoud Abbas ប្រធានាធិបតីនៃអាជ្ញាធរប៉ាលេស្ទីនដែលទទួលបានការគាំទ្រពីបណ្តាប្រទេសលោកខាងលិច ដែលគ្រប់គ្រងមានកំណត់នៅតំបន់West Bank ។ 


គូប្រជែងប៉ាលេស្ទីនទាំងពីរនេះ បរាជ័យនៅក្នុងការដោះស្រាយជម្លោះនយោបាយរបស់ពួកគេ ចាប់តាំងពីក្រុមហាម៉ាស់ បណ្តេញក្រុមហ្វាតាសចេញពីហ្គាហ្សានៅក្នុងសង្គ្រាមរយៈពេលខ្លីមួយនៅឆ្នាំ២០០៧។ 

 

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នចំពោះចំណាត់ការផ្សះផ្សារក្រុមទាំង២នេះ ខណៈដែលពួកគេគាំទ្រអាជ្ញាធរប៉ាលេស្ទីនក្រុមហ្វាតាស(Fatah) ហើយដាក់ក្រុមហាម៉ាស់(Hamas)ជាក្រុមភេរវកម្ម។ 

 

មន្ត្រីក្រុមFatah បានឱ្យសារព័ត៌មានរ៉យទ័រដឹងថា ប្រតិភូមួយក្រុមដឹកនាំដោយលោកAzzam Al-Ahmed ដែលជាមន្ត្រីជាន់ខ្ពស់របស់ក្រុមFatahចាកចេញទៅកាន់ប្រទេសចិន។ 

 

ចំណែកខាងមន្ត្រីក្រុមHamas  ឱ្យដឹងថា ក្រុមកិច្ចពិភាក្សារបស់ខ្លួនដឹកនាំដោយលោកMoussa Abu Marzouk មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន។ 

 

«យើងគាំទ្រការពង្រឹងអាជ្ញាធរជាតិប៉ាលេស្ទីននិងគាំទ្រគ្រប់ក្រុមប៉ាលេស្ទីនទាំងអស់ក្នុងការសម្រេចបានការរួបរួមជាតិ និងបង្កើនសាមគ្គីភាពតាមរយៈកិច្ចពិភាក្សា និងការពិគ្រោះយោបល់»។ យោងលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិននៅសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ។
 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024