ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

រុះរើគណៈរដ្ឋមន្ត្រីនៅថៃតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន៧រូប

រដ្ឋមន្ត្រីដែលទើបទទួលបានការតែងតាំងថ្មីៗរបស់ប្រទេសថៃចំនួន៧រូប បានចូលរួមជាមួយនិងបណ្តារដ្ឋមន្ត្រីផ្សេងទៀតនៃគណៈរដ្ឋមន្ត្រី ថតរូបរួមគ្នាជាគ្រួសារនៅទីក្រុងបាងកក នៅថ្ងៃអង្គារ(៧ឧសភា) បន្ទាប់ពីលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានប្រកាសការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូងរបស់លោកកាលពីចុងខែមុន។ 

 

 

 

 

ក្នុងចំណោមរដ្ឋមន្ត្រីតែងតាំងថ្មី មានលោក Maris Sangiampongsa មន្ត្រីទូតចូលនិវត្តន៍ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ប្រទេសថៃតាមសេចក្តីបង្គាប់របស់មហាក្សត្រថៃ។ ការតែងតាំងនេះ ធ្វើឡើងក្រោយពីលោក Parnpree Bahiddha-Nukara រដ្ឋមន្ត្រីក្រសួងការបរទេសថៃលាលែងចេញពីតំណែងដោយគេមិនរំពឹងទុកនោះ បន្ទាប់ពីលោកបានបាត់បង់តំណែងជាឧបនាយករដ្ឋមន្ត្រីនៅក្នុងពេលប្រទេសថៃរុះរើគណៈរដ្ឋមន្ត្រី។ 

 

លោក Parnpree  មានតួនាទីដ៏សំខាន់ នៅក្នុងជួយឱ្យមានការដោះលែងចំណាប់ខ្មាំងជនជាតិថៃដែលក្រុមហាម៉ាស់ចាប់ឃុំខ្លួននៅហ្គាហ្សា។ 

 

លោក Maris អាយុ៦៥ឆ្នាំជាអតីតឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសអូស្ត្រាលីនិងប្រទេសកាណាដា ហើយលោកក៏ជាទីប្រឹក្សាម្នាក់របស់លោកParnpree ផងដែរ។

 

ការតែងតាំងនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់ ខណៈប្រទេសថៃបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិដែលកំពុងតែកើតមាននៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសក្បែរខាងរបស់ខ្លួន។ 
 

 

 


 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024