ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ការបាញ់កាំភ្លើងធំគំនាប់បានធ្វើឡើងលាន់ឮកងរំពងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃ៦ ខែឧសភាដើម្បីរំឭកខួប១ឆ្នាំនៃពិធីរាជាភិសេកព្រះមហាក្ស និងព្រះជាយា។ ទាហានព្រះបរមរាជវាំងក៏បានបាញ់កាំភ្លើងធំគំនាប់ចំនួន៤១គ្រាប់នៅឧទ្យានហ្គ្រីនផាក (Green Park)។ នៅព្រះរាជតំណាក់មួយទៀត ទាហានក៏បានបាញ់កាំភ្លើងធំ៦២គ្រាប់ផងដែរ។
នៅថ្ងៃនេះកាលពីមួយឆ្នាំមុន, ព្រះមហាក្សត្រឆាលបានរៀបចំពិធីរាជាភិសេកជាផ្លូវការនៅរាជវាំងវេសស្មីនស្ទើ.អាប៊ី (Westminster Abbey) ប្រកបដោយភាពរីករាយ, ភាពខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម និងបែបពិធីសាសនាដ៏មហោឡារិក។ ថ្មីៗនេះ ព្រះមហាក្សត្រឆាលទ្រង់បានយាងត្រឡប់ទៅបំពេញរាជកិច្ចដូចធម្មតាឡើងវិញបន្ទាប់ពីព្រះអង្គត្រូវគ្រូពេទ្យពិនិត្យឃើញជំងឺមហារីក។
របកគំហើញនេះកើតឡើងរយៈពេល១៨ខែបន្ទាប់ពីព្រះអង្គសោយរាជ្យសម្បត្តិបន្តពីព្រះមាតារបស់ព្រះអង្គគឺព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរដែលបានសោយទិវង្គតកាលពីខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងពិធីបាញ់កាំភ្លើងធំនោះ គេឃើញថាផ្សែងហុយចេញពីមាត់ត្រែកាំភ្លើងចំនួន៦ដើម។ គេត្រូវរង់ចាំរយៈពេលមួយម៉ោងក្រោយទើបបាញ់ចំនួនបីគ្រាប់ថែមទៀត។
ព្រះមហាក្សត្រឆាល និងព្រះជាយាខាមីឡាបានចូលរួមពិធីរាជាភិសេកជាលើកដំបូងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ ភ្ញៀវម្នាក់ដែលមកទស្សនាព្រះបរមរាជវាំងអង់គ្លេសបានចូលរួមអបអរសាទរខួប១ឆ្នាំនៃការសោយរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រឆាលដែលទ្រង់នៅតែមានព្រះទ័យក្លាហាន ហ៊ានជម្រាបជូនសាធារណជនជាចំហអំពីព្រះរាជសុខភាពរបស់ព្រះអង្គ។
អ្នកទេសចររូបនេះយល់ថាបញ្ហានេះនៅតែជារឿងរសើបដែលមនុស្សទូទៅមិនសូវហ៊ាននិយាយជាចំហទេ។ ព្រះមហាក្សត្រឆាលសព្វថ្ងៃនេះមានព្រះជន្ម៧៥ព្រះវស្សា។ កាលពីអាទិត្យមុន ព្រះអង្គបានយាងទតមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក និងសួរសុខទុក្ខអ្នកជំងឺដោយផ្ទាល់។
ទោះបីពិធីរំឭកខួបលើកនេះរៀបចំឡើងនៅក្រោមតំណក់ទឹកភ្លៀងយ៉ាងណាក្ដី ភ្ញៀវដែលមានចិត្តក្លាហាននៅតែខិតខំជម្នះឧបសគ្គនេះដើម្បីទៅទស្សនាការបាញ់កាំភ្លើងធំគំនាប់ដោយមានក្រុមតន្ត្រីករប្រគំបទភ្លេងនៅក្បែរសួនច្បារព្រះបរមរាជវាំង។ ភ្ញៀវទេសចរម្នាក់ទៀតប្រាប់ថាខ្លួនមកទស្សនាពិធីរំឭកខួបនេះកាលពីថ្ងៃចន្ទដែលជាថ្ងៃបុណ្យឈប់សម្រាកថ្នាក់ជាតិនៅអង់គ្លេស។
អ្នកស្រីប្រាប់ថាខ្លួនពិតជាមានចិត្តរំភើប និងសប្បាយរីករាយដែលបានមកទីនេះ។ អ្នកស្រីចាកចេញដំណើរដោយត្រង់តាំងពីផ្ទះមកទីនេះតែម្ដង។ បំណងសំខាន់តែមួយគត់ដើម្បីសម្ដែងគារវភក្ដីថ្វាយព្រះអង្គ៕
ប្រែសម្រួល៖ អន សំអាង