ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
កូរ៉េខាងជើងនៅថ្ងៃសៅរ៍(១៨ឧសភា)នេះបានបញ្ជាក់ថា ប្រទេសរបស់ខ្លួនបានបាញ់តេស្តមីស៊ីលបលីស្ទីកយុទ្ធសាស្រ្ត។ យោងសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA ។ ជាមួយគ្នា លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងបានសច្ចាពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។
លោក Kim បានត្រួតពិនិត្យមើលការខុសត្រូវ នៅក្នុងការបាញ់តេស្តមីស៊ីលនេះចូលសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន។ ចំពោះការបាញ់តេស្តសាកល្បងនេះ ជាបេសកកម្មមួយដើម្បីបង្កើតកម្រិតច្បាស់លាស់ និងភាពគួរឱ្យទុកចិត្តបាននៃប្រព័ន្ធចរាចរណ៍ស្វ័យប្រវត្តិថ្មី។
មេដឹកនាំកូរ៉េខាងជើងលោក Kim បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការសាកល្បងនេះ។
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងជាច្រើនដែលសង្ស័យថាជាមីស៊ីលបលីស្ទីករយៈចម្ងាយខ្លី។
មីស៊ីល បាញ់បានក្នុងចម្ងាយប្រហែល៣០០គីឡូម៉ែត្រ។ យោធាបានពង្រឹងការប្រុងប្រយ័ត្ន និងការឃ្លាំមើល ត្រៀមជាមុនសម្រាប់ករណីមានបាញ់មីស៊ីលបន្ថែមទៀតពីសំណាក់ប្រទេសកូរ៉េខាងជើង។ យោងមន្ត្រីយោធាប្រទេសកូរ៉េខាងត្បូង។
ប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូងដដែលឱ្យដឹងថា ដំណឹងនេះ ខ្លួនក៏បានចែករំលែកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនមានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងតូក្យូផងដែរ។
អត្ថបទ៖ណាវ័ន្ត