ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
អ្នកជំនាញនៅក្នុងវិស័យកសិកម្ម បានឲ្យដឹងថា រយះពេល១៥ឆ្នាំទៅមុខទៀត ទើបផលិតករក្នុងស្រុកមានលទ្ធភាពគ្រាប់គ្រាន់ផលិតនូវកសិផលដែលអាចផ្គត់ផ្គង់ទៅតាមតម្រូវការក្នុងស្រុក។ បន្ថែមពីលើនេះ លុះត្រាតែមានកត្តាចូលរួមជំរុញពីគ្រប់ភាគីពាក់ព័ន្ធដូចជា សង្គមស៊ីវិល វិស័យឯកជន និងវិស័យសាធារណះ ត្រូវចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយល្បឿនក្នុងការនាំបន្លែចូល ប៉ុន្តែត្រូវបង្កើនល្បឿនដាំបន្លែក្នុងស្រុកឲ្យបានច្រើនជាងមុន។
បរិមាណនៃការទទួលទានបន្លែរបស់ប្រជាពលរដ្ឋកម្ពុជាមានកម្រិតខ្ពស់ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញឱ្យបង្កើនផលិតកម្មបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២០ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួន៥៧៣តោន ក្នុងមួយថ្ងៃដែលក្នុងនោះ ៤០០ តោនត្រូវបានដាំដុះក្នុងស្រុក ក្រៅពីនេះគឺនាំចូលពីបរទេស ដូចជាវៀតណាម ថៃ និងប្រទេសចិនជាដើម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងជំរុញផលិតកម្មក្នុងស្រុក ដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ និងនេសាទដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើភ្ញៀវទេសចរបរទេស។ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញបន្លែចម្រុះប្រមាណ ២២០តោនទៅទីផ្សារអន្តរជាតិកើនឡើងជាង១០០ ភាគរយបើធៀបនឹងឆ្នាំ២០២២។
លោក ទួត សេងហ័ង ប្រធានសាកវប្បកម្មធន និងអាកាសធាតុ បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ដឹងថា វិធានការពង្រឹងសន្តិសុខស្បៀងក្នុងប្រទេស និងជំរុញការនាំចេញរបស់រដ្ឋាភិបាល បានជួយលើកកម្ពស់សកម្មភាពដាំដុះក្នុងវិស័យកសិកម្មនៅកម្ពុជាបានមួយកម្រិត។ ការដាំដុះបន្លែដែលស្ថិតនៅក្នុងឆ្នាំ២០២៤នេះ មានការធ្លាក់ចុះ២០% ដោយសារតែបញ្ហាអាកាសធាតុដែលធ្វើឲ្យដំណាំរបស់ប្រជាកសិករមិនសូវទទួលបានផលល្អប្រសើរ។
ជាការល្អបើកម្ពុជាអាចជំរុញការដាំដុះ និងអាចពង្រីកទីផ្សារក្នុងស្រុកកាន់តែធំ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចូលបន្លែចម្រុះជាច្រើនតោនជារៀងរាល់ថ្ងៃពីប្រទេសជិតខាង។ លោក ទួត សេងហ័ង បានសង្កេតឃើញថា ប្រសិនជាកសិករផលិតបន្លែទទួលបាននូវផលចំនេញ និងមានទីផ្សារ ប្រហែលជាសន្ទុះក្នុងការផលិតមិនថមថយឡើង។ សក្តានុពល និងផ្ទៃដីដាំដុះដែលកសិករប្រើត្រឹមតែ៥០%នៃផ្ទៃដីដែលមាន។
បន្ថែមពីនោះ គឺបរិបទនៃរបាំងបច្ចេកទេសភាគច្រើនមិនទាន់បានល្អប្រសើរ និងគុណភាពមិនមានភាពស្ថិតស្ថេរ បញ្ហាជាងនេះទៅទៀតដែលកម្ពុជាពិបាកក្នុងការប្រជែងនិងបន្លែនាំចូលនោះគឺ ការផលិតរបស់កសិករមិនទាន់អាចផលិតបានពេញ១ឆ្នាំ។កម្ពុជានំាចូលបន្លែប្រមាណជាង ៥០ភាគរយពីក្រៅប្រទេស ភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងមួយផ្នែកទៀតនាំចូលមកពីប្រទេសចិន ដើម្បីបម្រើឲ្យសេចក្តីត្រូវការចាំបាច់ក្នុងទីផ្សារកម្ពុជា។
លោក ទួត សេងហ័ង បានបន្តថា រយះពេល៥ឆ្នាំមកនេះ សមត្ថភាពផលិតបន្លែរបស់កសិករដើម្បីផ្គត់ផ្គង់ទៅតម្រូវការទីផ្សារមានការកើនឡើងគួរអោយកត់សំគាល់ ដោយសារតែ៖ មានការកើនឡើងចំនួនអ្នកដាំដុះបន្លែជាលក្ខណះអាជីវកម្ម កសិករគាត់ចេះដាំតាមបច្ចេកទេស និងអាចដាំដំណាំច្រើនមុខ និងច្រើនរដូវដោយជោគជ័យ។ កសិករភាគច្រើនដែលដាំដុះបន្លែ ផ្លែឈើ មាននៅ ខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ ជ្រើសរើសដាំបន្លែទូរទៅមានដូចជា ត្រសក់ ម្រះ ប៉េះបោះ ឪឡឹក ត្រសក់ស្រូវ សណ្តែក ស្ពៃ និងត្រកួន ជាច្រើនមុខផ្សេងទៀត។
តម្លៃនៅលើទីផ្សារក៏ដូចគ្នាដែល អាស្រ័យទៅលើទំហំ ឬចំនួននៃការផលិតរបស់កសិករ ប្រសិនជាកសិករទាំអស់ផលិតបានបរិមាណច្រើន តម្លៃរៀងធូរថ្លៃបន្តិច ប៉ុន្តែប្រសិនជាកសិករផលិតបានតិច តម្លៃក៏បានច្រើនទៅតាមនោះដែល។ លោក ទួត សេងហ័ង បានឲ្យដឹងបន្តថា កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាត្រូវការផលិតបន្លែក្នុងស្រុក១ថ្ងៃ៤០០តោន ដោយផលិតខ្លួនឯងបាន៥០% និងនាំចូលបន្ថែម៥០%។ មកទល់និងពេលនេះ កម្ពុជាប្តូរបត់ដោយឃើញថា បរិមាណផ្គត់ផ្គង់ក្នុងស្រុក៧៣% និងនាំចូលតែ២០%ជាងប៉ុណ្ណោះ ខណះដែលអ្នកប្រើប្រាស់បន្លែមានចំនួន៧០ទៅ១០០គីឡូក្នុង១ឆ្នាំសម្រាប់មនុស្សម្នាក់ៗ។
ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជានិងគម្រោងដៃគូនានា គួរតែផ្តោតទៅលើការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានប្រព័ន្ធស្រោចស្រព ផ្ទះសំណាញ់ ឧបករណ៍ និងសម្ភារកសិកម្ម ហើយនិងការបញ្ចុះតម្លៃធាតុចូលនៃកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម)។ លើសពីនេះ គឺផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដាំដុះ បច្ចេកទេសក្រោយពេលប្រមូលផល ត្រូវពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជ ផលិតកម្មពូជបន្លែ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ។
ដូចនេះ ត្រូវជំរុញឲ្យក្រុមកសិករផលិតបន្លែចងក្រងជាសហគមន៍ផលិត ដើម្បីអាចរៀបចំផែនការផលិតស្របតាមតម្រូវការទីផ្សារ និងត្រូវលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យដំណាំបន្លែ។
សូមជម្រាបថា កម្ពុជាមានតម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំប្រមាណ១លានតោន ប៉ុន្តែការផលិតនិងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ០,៧៥លានតោន ដូច្នេះហើយក្រសួងបាននិងកំពុងជំរុញឱ្យប្រជាពលរដ្ឋដាំដុះឱ្យបានច្រើនបន្ថែមទៀតដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូល។
ក្នុងឆ្នាំ ២០២៣ កម្ពុជានាំចេញកសិផលសរុប ៨ ៤៤៩ ៤១៤,៣៦ តោនធ្លាក់ចុះ ១,៩ ភាគរយធៀបនឹងឆ្នាំ ២០២២ ក្នុងនោះនាំចេញបន្លែចម្រុះ ២២០,២១ តោន កើនឡើង ១០៦,០៧ ភាគរយ។ ការនាំចេញកសិផលក្រៅពីស្រូវអង្ករ (ដំឡូងមី ស្វាយចន្ទី សណ្តែក ស្វាយ ចេក មៀន ដូងប្រេង និងម្រេច) គឺមានតម្លៃសរុប ២,៨ ពាន់លានដុល្លារ។
អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត និងឯកសារ