ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

បុរសរុស្ស៊ីបីនាក់បានលោតឆ័ត្រយោងពីតំបន់ជិតផុតទំនាញផែនដីទៅកាន់ប៉ូលខាងជើងនៃផែនដី

បុរសរុស្សីបីនាក់បានបង្កើតឯតទគ្គកម្មពិភពលោកដោយពួកគេបានលោតឆ័ត្រយោងទម្លាក់ខ្លួនចេញពីតំបន់ជិតផុតទំនាញផែនដីទៅកាន់ប៉ូលខាងជើងនៃផែនដីដែលជាបេសកកម្មមួយដើម្បីធ្វើការសាកល្បងប្រព័ន្ធទូរគមនាគមន៍គម្រូថ្មីសម្រាប់ប្រើប្រាស់នៅតំបន់អាក់ទិក។

 

 

 

 

បុរសបីនាក់គឺលោក Mikhail Korniyenko លោក Alexander Lynnik និងលោក Denis Yefremov បានទម្លាក់ខ្លួនចេញពីយន្តហោះ Ilyushin-76 នៅរយៈកម្ពស់១ម៉ឺន៥រយម៉ែត្រ។ ពួកគេបានចំណាយពេលប្រហែល ២ នាទីកន្លះក្នុងការហោះទម្លាក់ខ្លួនដោយសេរី បន្ទាប់មកពួកគេបានបើកឆ័ត្រយោងរបស់ពួកគេនៅរយៈកម្ពស់ ១ ពាន់ម៉ែត្រពីលើដី។

 


អ្នករៀបចំព្រឹត្តិការណ៍នេះគឺលោក Nikita Tsaplin បាននិយាយថា អ្នកទាំងបីបានរងរបួសដោយស្ពឹកមុខមាត់ខ្លះៗទោះជាពួកគេបានពាក់ម៉ាស់ការពារហើយក៏ដោយព្រោះថានៅពេលពួកគេកំពុងហោះទម្លាក់ខ្លួនក្នុងល្បឿនជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង សីតុណ្ហភាពខ្យល់មានប្រហែល -៥០ អង្សាសេ ប៉ុន្តែវាហាក់មានអារម្មណ៍ហាក់ដូចជាមានកម្រិត -៧០អស្សាសេអ៊ីចឹង។

 

 

 

 

 

 


អ្នកលោតឆ័ត្រយោងទាំងនេះបានចុះចតដល់ដីនៅជិតតំបន់ទឹកកក Barneo នៅប្រទេសរុស្ស៊ីជាកន្លែងដែលលោក Tsaplin បាននិយាយថា ពួកគេអាចកម្ដៅខ្លួនពួកគេជាមួយនឹងម៉ាស៊ីនដែលបានបំពាក់ជាប់នឹងខ្លួនពួកគេដោយតភ្ជាប់ទៅនឹងប្រព័ន្ធផ្កាយរណប។ 

 


ប្រព័ន្ធទូរគមនាគមន៍នេះនៅតំបន់អាក់ទិកនេះទំនងជាមានសារៈសំខាន់កាន់តែខ្លាំង ខណៈដែលប្រទេសនានារួមទាំងរុស្ស៊ី សហរដ្ឋអាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នានៅទីនោះសម្រាប់ធនធាន ផ្លូវពាណិជ្ជកម្ម និងផលប្រយោជន៍យោធាជាដើម៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024