ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

រូបគំនូរចុងក្រោយពីវិចិត្រករល្បី Klimt ដាក់លក់ដេញថ្លៃបាន ៣២ លានដុល្លារ

២៦ មេសា ២០២៤ | កម្សាន្ដ

 


រូបគំនូរមានឈ្មោះថា "Portrait of Miss Lieser" (ផត្រេត អហ្វ មីស លីស៊ើ) របស់វិចិត្រករ Gustav Klimt (ហ្គូស្តាវ ឃ្លីម) ដែលជាគំនូររបស់នារីវ័យក្មេងម្នាក់ដែលគូរមិនទាន់ចប់នៅពេលដែលវិចិត្រករជនជាតិអូទ្រីសរូបនេះបានស្លាប់ ទើបតែត្រូវបានដាក់លក់នៅឯការដេញថ្លៃមួយកាលពីថ្ងៃពុធក្នុងតម្លៃ ៣០ លានអឺរ៉ូ ស្មើនឹងជាង ៣២ លានដុល្លារអាមេរិក បើទោះបីជាប្រវត្តិជាក់លាក់ពីក្រោយរូបគំនូរមួយផ្ទាំងនេះមិនមានការបញ្ជាក់ច្បាស់ក៏ដោយ។

 

 


បើយោងព័ត៌មានពីក្រុមហ៊ុន Im Kinsky (អ៊ីម ឃីនស្គ) ដែលជាអ្នករៀបចំការដេញថ្លៃបានឱ្យដឹងថា រូបគំនូរមួយផ្ទាំងនេះត្រូវបានគេគិតបាត់បង់ជាយូរមកហើយ ប៉ុន្តែការពិតវាត្រូវបានព្យួរនៅក្នុងវីឡាឯកជនមួយនៅជិតទីក្រុងវីយែន អស់រយៈពេលជាច្រើនទសវត្សរ៍ មុនត្រូវបានគេរកឃើញនិងយកមកដាក់លក់ដេញថ្លៃ ដោយបានប៉ាន់ប្រមាណតម្លៃដំបូងពី ៣០ ទៅ ៥០ លានអឺរ៉ូ។

 

 


រូបគំនូរបានបង្ហាញពីស្ត្រីវ័យជំទង់ឈ្មោះ Fraeulein Lieser (ហ្វ្រ៉យលេន លីស៊ើ) ដែលមានសក់ពណ៌ត្នោតរួញអង្គាដី ស្លៀករ៉ូបពណ៌ខៀវលាយផ្កា និងមានផ្ទៃខាងក្រោយពណ៌ក្រហម។ ខណៈអត្តសញ្ញាណរបស់នាងមិនត្រូវបានបញ្ជាក់ច្បាស់ ប៉ុន្តែក៏មានការសន្និដ្ឋានថារូបនេះគឺជារូបកូនស្រីម្នាក់របស់លោក Justus Lieser (ជើសធើស លីស៊ើ) ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយរូបនៅចក្រភពអូទ្រីស-ហុងគ្រីក្នុងសត្សវត្សរ៍ទី១៩ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024