ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

ភាពយន្តអាណាចក្រស្វា “Planet of the Apes” សម្ពោធបញ្ចាំងវគ្គថ្មី

២៦ មេសា ២០២៤ | កម្សាន្ដ


ភាពយន្តបែបវិទ្យាសាស្ត្រ "Kingdom of the Planet of the Apes" បានរៀបចំសម្ពោធបញ្ចាំងវគ្គថ្មីរបស់ខ្លួននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៥ ខែមេសា ក្រោមវត្តមានអ្នកដឹកនាំនិងតារាសម្ដែងពីភាពយន្ត។

 


រាប់ចាប់ពីភាពយន្តដើមដែលចេញកាលពីឆ្នាំ១៩៦៨ ភាពយន្តថ្មីនេះគឺជាភាពយន្តទី១០ នៃសែស្រឡាយភាពយន្តអាណាចក្រស្វា “Planet of the Apes” (ផ្លេណេត អហ្វ ឌិ អេបស៍) តែយ៉ាងណាសាច់រឿងក្នុងវគ្គនេះគឺពាក់ព័ន្ធនឹងភាពយន្ត ៣វគ្គចុងក្រោយ រួមមាន "Rise of the Planet of the Apes" កាលពីឆ្នាំ២០១១ ភាពយន្តឆ្នាំ "Dawn of the Planet of the Apes" កាលពីឆ្នាំ២០១៤ និងភាពយន្ត "War for the Planet of the Apes" ឆ្នាំ២០១៧។

 


មិនខុសពីវគ្គមុនៗនោះទេ តួអង្គស្វាក្នុងភាពយន្តនេះត្រូវបានសម្ដែងដោយមនុស្សទាំងអស់ រួចហើយទើបកែសម្រួលឱ្យទៅជារូបស្វាតាមក្រោយដោយប្រើបច្ចេកវិទ្យា motion capture (ម៉ូសិន ខេបឈើ)។ ដើម្បីត្រៀមខ្លួនក្នុងការសម្ដែង តួអង្គម្នាក់ៗបានចំណាយពេល៦សប្ដាហ៍ហ្វឹកហាត់ពីកាយវិការរបស់ស្វា។

 


តារាសម្ដែងក្នុងវគ្គនេះរួមមាន Owen Teague (អូវេន ធីហ្កឺ), Freya Allan (ហ្វ្រីយ៉ា អាឡាន), Kevin Durand (ខេវីន ឌូរេន), Peter Macon (ភីធឺ មេខន) និង William H. Macy (វីលៀម អេច មេកស៊ី)។ ភាពយន្ត “Kingdom of the Planet of the Apes” នឹងចេញបញ្ចាំងផ្លូវការទូទាំងពិភពលោកចាប់ពីថ្ងៃទី៨ ខែឧសភាខាងមុខនេះ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024