ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

អាល់ប៊ុមថ្មីពី SEVENTEEN ប្រឡូកកាន់តែជ្រៅក្នុងពិភព AI

៣០ មេសា ២០២៤ | កម្សាន្ដ

ក្រុមចម្រៀងខេប៉ុប SEVENTEEN បានត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមថ្មីមានចំណងជើងថា "17 Is Right Here" ដោយនាំទស្សនិកជនប្រឡូកកាន់តែជ្រៅក្នុងពិភព AI។

 


បទចម្រៀង “Maestro” (ម៉ាយស្ត្រូ) គឺជាបទចម្រៀងនាំមុខសម្រាប់អាល់ប៊ុមថ្មីរបស់ក្រុម SEVENTEEN ហើយបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ពួកគេ MV សម្រាប់បទចម្រៀងចង្វាក់ R&B មួយនេះបានបង្ហាញពីពិភពស្រមើស្រមៃមួយនៅពេលដែលអ្វីៗទាំងអស់ រួមទាំងតន្ត្រី និងសិល្បៈអាចបង្កើតបានយ៉ាងងាយស្រួលជាមួយនឹងបច្ចេកវិទ្យា។

 


ឆ្លើយតបនឹងសំនួរអ្នកកាសែតដែលសួរថាតើពួកគេបានប្រើ AI ដើម្បីផលិតបទចម្រៀងនេះទេ សមាជិកក្រុម Woozi (វូហ្ស៊ី) បាននិយាយថា៖ ពិតណាស់ ដោយសារតែនេះគឺជាការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលគ្រប់គ្នាត្រូវរៀនប្រើ ដូច្នេះពួកគេបានហាត់ប្រើវា ហើយក៏ព្យាយាមរកមើលថាតើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើ AI នោះ”។

 

 

តារាវ័យ ២៧ ឆ្នាំរូបនេះបានបន្ថែមថា៖ បច្ចេកវិទ្យាកំពុងដើរលឿនណាស់ បន្ទាប់ពីដឹងគុណសម្បត្តិ និងគុណវិបត្តិនៃ AI ដឹងពីរបៀបដែលយើងត្រូវរស់នៅជាមួយវា ដោយរក្សាអត្តសញ្ញាណរបស់យើងឱ្យនៅដដែល។

 


គួរបញ្ជាក់ថា អាល់ប៊ុមថ្មីនេះបានរួមបញ្ចូលបទចម្រៀងល្បីៗជាច្រើនរបស់ SEVENTEEN នាពេលកន្លងមក រួមជាមួយបទចម្រៀងថ្មីចំនួនបួនបទ មានដូចជាបទ “MAESTRO” (ម៉ាយស្ត្រូ) បទ “LALALI” (ឡាឡាលី) បទ “Spell” និង បទ “Cheers to youth”។

 


បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយអាល់ប៊ុមថ្មី ក្រុមចម្រៀងដែលមានសមាជិក ១៣នាក់មួយនេះនឹងបន្តការប្រគំតន្ត្រី "FOLLOW Again" នៅប្រទេសជប៉ុន នៅទីក្រុង Osaka នៅថ្ងៃទី១៨ និង ១៩ ខែឧសភា និងទីក្រុង Kanagawa នៅថ្ងៃទី២៥ និង ២៦ ខែឧសភា៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024