ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ភាពយន្តថ្មី Selena Gomez ទទួលបានការសរសើរខ្លាំងនៅមហោស្រព Cannes

២១ ឧសភា ២០២៤ | កម្សាន្ដ

 

ភាពយន្តថ្មីរបស់តារាចម្រៀងនិងសម្ដែងអាមេរិក Selena Gomez បានទទួលការសរសើរខ្លាំងក្រោយចាក់បញ្ចាំងនៅមហោស្រព Cannes ខណៈទស្សនិកជនក្រោកឈរទះដៃអបអររយៈពេល ៩នាទី។

 


“Emilia Pérez” (អេមីលៀ ភើរ៉េស) ស្នាដៃសម្ដែងថ្មីពីតារាសិចស៊ី Selena Gomez គឺជាភាពយន្តបែបល្ខោនតន្ត្រីនិយាយភាសាអេស្ប៉ាញដែលទទួលបានការសរសើរខ្លាំងបំផុតនៅមហោស្រពអន្តរជាតិទីក្រុងកានឆ្នាំ ២០២៤ ក្នុងខណៈពេលនេះ ដោយគ្រាន់តែរឿងនេះបញ្ចាំងចប់ ទស្សនិកជនបានក្រោកឈរទះដៃអបអររយៈពេលប្រាំបួននាទី។ តួសម្តែង និងផលិតកររឿង បានបង្ហាញអារម្មណ៍រីករាយ និងស្រក់ទឹកភ្នែក ដោយស្នាមញញឹម ខណៈដែលទស្សនិកជនឈរទះដៃអបអរសាទរ និងស្រែកហ៊ោឱ្យពួកគេ។

 


ភាពយន្តនេះដំណាលរឿងអំពីតួអង្គឈ្មោះ Emilia Pérez (អេមីលៀ ភើរ៉េស) ជាប្រធានក្រុមជួញដូរគ្រឿងញៀនដែលព្យាយាមធ្វើការវះកាត់ប្តូរភេទ សម្ដែងដោយតារាកែភេទអេស្ប៉ាញ Karla Sofía Gascón (កាឡា សូហ្វៀ ហ្កាស្កុន)។ តួអង្គសំខាន់៣រូបទៀតរួមមាន Selena Gomez, Zoe Saldaña (ហ្សូអ៊ី សាល់ដាញ៉ា) និងតារាប្រុស Édgar Ramírez (អេដហ្គា រ៉ាមីរ៉េស)។

 

 


ក្រៅពីសាច់រឿង និងការសម្ដែងដ៏សក្ដិសមរបស់តួអង្គសំខាន់ៗ ហេតុផលមួយទៀតដែល “Emilia Pérez” បានទទួលការចាប់អារម្មណ៍ខ្លាំងគឺ ដោយសារតែអ្នកដឹកនាំរឿងនេះគឺលោក Jacques Audiard (ចេកខូសឌ្យែ) ធ្លាប់បានឈ្នះពានរង្វាន់ Palme d'Or (ផាម ដ័រ) នៅមហោស្រពភាពយន្តកានរួចមកហើយ ក្នុងឆ្នាំ ២០១៥ តាមរយៈស្នាដៃដឹកនាំរឿងមុនមានចំណងជើងថា “Deephan” (ឌីហ្វាន)។ បច្ចុប្បន្ននេះ លោកមានស្នាដៃភាពយន្តចំនួន ៦ រឿងដែលត្រូវបានជ្រើសរើសដើម្បីចាក់បញ្ចាំងនៅមហោស្រពភាពយន្តមួយនេះ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024