ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
តារាសម្ដែងប្រុសដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Jung Hae In បានបង្ហាញខ្លួនលើកម្រាលព្រំនៃមហោស្រពភាពយន្តក្រុងកានលើកដំបូង ខណៈភាពយន្តរបស់លោកត្រូវបានជ្រើសរើសសម្រាប់ការបញ្ចាំងកាលពីយប់ថ្ងៃច័ន្ទ។
ភាពយន្តបាញ់ប្រហារនិងឧក្រិដ្ឋកម្មថ្មីពីអ្នកដឹកនាំរឿង Ryu Seung Wan (យូ សឹងវ៉ាន) គឺរឿង “I, The Executioner” ឬចំណងជើងហៅកាត់ថា “Veteran 2” (វេធើរេន ធូ) បានក្លាយជាភាពយន្តកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសសម្រាប់ការបញ្ចាំងពិសេសនៅមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧។ ភាពយន្តនេះចូលរួមសម្តែងដោយ Jung Hae In (ជុង ហេអ៊ីន), Hwang Jung Min (វ៉ាង ជុងមីន) និង Kim Mu Yeol (គីម មូយ៉ុល)។
មុនពេលការបញ្ចាំងជាផ្លូវការ ក្រុមតារាសម្ដែងនិងផលិតកររឿងនេះបានដើរលើកម្រាលព្រំក្រហមរបស់កម្មវិធី ដោយតារាសម្ដែង Hwang Jung Min បានស្វាគមន៍អ្នកគាំទ្រដោយស្នាមញញឹម ខណៈពេលដែល Jung Hae In បានចុះហត្ថលេខាសម្រាប់អ្នកគាំទ្រជាច្រើនមុនពេលចាក់បញ្ចាំង និងអំឡុងពេលរង់ចាំដើរនៅលើកម្រាលព្រំ។
នេះជាលើកដំបូងក្នុងរយៈពេលប្រហែល ១៩ ឆ្នាំដែលអ្នកដឹកនាំរឿង Ryu Seung Wan (យូ សឹងវ៉ាន) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្តទីក្រុង Cannes ចាប់តាំងពីខ្សែភាពយន្តឆ្នាំ ២០០៥ របស់លោកមានចំណងជើងថា “Crying Fist” បានឈ្នះពានរង្វាន់។ សម្រាប់តារាសម្ដែង Hwang Jung Min ឆ្នាំនេះគឺជាការចូលរួមលើកទី៤ ខណៈសម្រាប់ Jung Hae In នេះជាលើកដំបូងសម្រាប់លោកដែលបានដើរលើកម្រាលព្រំមហោស្រពកាន។
គ្រោងចេញបញ្ចាំងផ្លូវការនៅឆមាសទីពីរនៃឆ្នាំនេះ “I, The Executioner” គឺជាភាពយន្តបាញ់ប្រហារឧក្រិដ្ឋកម្ម រៀបរាប់ពីការធ្វើការរបស់ប៉ូលីសស៊ើបអង្កេតពីរនាក់ លើករណីការសម្លាប់ស្ត្រីប្រាំនាក់ និងការសម្លាប់ខ្លួនរបស់ក្មេងប្រុសអាយុ ១៦ ឆ្នាំ។ ភាពយន្តនេះជាភាគបន្តរបស់រឿង “Veteran” ដែលទទួលបានអ្នកទស្សនាដល់ទៅ ១៣,៤ លាននាក់កាលពី ៩ ឆ្នាំមុន ៕
ប្រែសម្រួល៖ វ៉ាន់ថន