ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ម៉ូដែលវ័យក្មេង អែលសា លីន ចូលរួមព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំ មុនចេញទៅឆាកអន្តរជាតិនៅ រៀតណាម

២១ ឧសភា ២០២៤ | កម្សាន្ដ

 

 

មុនពេលធ្វើដំណើរទៅកម្មវិធី fashion show លំដាប់អន្តរជាតិនៅវៀតណាម ម៉ូដែលវ័យក្មេងកម្ពុជា អែលសា លីន ឆ្លៀតពេលស្ម័គ្រចិត្តចូលរួមព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងសម្លៀកបំពាក់ ដើម្បីរៃអង្គាសមូលនិធិសប្បុសធម៌ជួយសង្រ្គោះជីវិតកុមារា ឆលី។

 

 

តារាម៉ូដែលវ័យក្មេង អែលសា លីន 1st Runner up Mini Mis Cambodia 2023 ត្រូវបានអញ្ញើញឱ្យចូលរួមព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងសម្លៀកបំពាក់ ជាមួយតារាម៉ូដែលរៀមច្បងល្បីៗជាច្រើនរូប ដើម្បីរៃអង្គាសមូលនិធិសប្បុសធម៌ជួយសង្រ្គោះជីវិតកុមារា ឆលី ដែលកំពុងតស៊ូនឹងជម្ងឺមហារីកដុំសាច់ក្នុងខួរក្បាលកម្រិតធ្ងន់ធ្ងរ នៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅទីតាំង Factory Phnom Penh។

 

 

អែលសា បានបង្ហាញអារម្មណ៍រំភើបក្នុងនាមជាតារាម៉ូដែលវ័យក្មេងម្នាក់ ដែលបានស្ម័គ្រចិត្តចូលរួមចំណែកក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំ “រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី - Save Charlie’s Life Together” មុនពេលនាងធ្វើដំណើរទៅចូលរួមដើរបង្ហាញម៉ូដកម្មវិធី fashion show លំដាប់អន្តរជាតិ Vietnam International Junior Fashion Week 2024 នៅប្រទេសវៀតណាម នាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

 

 

 

ម៉ូដែលវ័យក្មេងរូបនេះបន្តថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានឱកាសចេញទៅដើរម៉ូដកម្មវិធី fashion show ដ៏ធំលំដាប់អន្តរជាតិនៅប្រទេសវៀតណាម ជាកម្មវិធីដែលនាងខកឱកាសចេញទៅដើរម៉ូដកាលពីឆ្នាំមុនដោយសារជាប់ប្រកួតកម្មវិធីបវរកញ្ញា។ ប៉ុន្តែ នេះជាឱកាសល្អបំផុតក្នុងការតំណាងកម្ពុជាទៅដើរម៉ូដលើឆាកអន្តរជាតិ ក្នុងនាមជាតារាម៉ូដែលវ័យក្មេង។ 

 

 

អ្វីដែលពិសេសខ្លាំងគឺ អែលសា ត្រូវស្ថាប័នអន្តរជាតិរៀបចំឱ្យដើរម៉ូដបើកក្បាល show តែម្តង ដែលវាពិតជាអស្ចារ្យ និងជាមោទនភាពដ៏ធំធេងសម្រាប់តារាម៉ូដែលវ័យក្មេងកម្ពុជា។

 

 

កុមារីវ័យ១០ឆ្នាំនេះ ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពសម្រាប់ការដើរម៉ូដលើឆាកអន្តរជាតិលើកដំបូង ដើម្បីបង្ហាញឱ្យអន្តរជាតិឃើញពីសមត្ថភាព ទេពកោសល្យ និងភាពក្លាហានរបស់ម៉ូដែលវ័យក្មេងកម្ពុជា។ ក្នុងនោះផងដែរ អែលសា ក៏មិនភ្លេចពាំនាំសិល្បៈខ្មែរទៅបញ្ជ្រាបឱ្យពិភពបានលោកស្គាល់ តាមរយៈសម្លៀកបំពាក់ច្នៃប្រឌិតថ្មីប្លែករំលេចពីទម្រង់សិល្បៈផ្សេងៗ។

 

 

 

សូមជម្រាបថា តារាម៉ូដែលកូនកាត់ខ្មែរ-តៃវ៉ាន់ នឹងចូលរួមដើរម៉ូដបើក show កម្មវិធី Vietnam International Junior Fashion Week 2024 នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដែល fashion show លំដាប់អន្តរជាតិនេះមានការចូលរួមពីតារាម៉ូដែលមកពីជាង ១០ ប្រទេសផ្សេងគ្នា៕

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024