ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

សាយ និង Mitch Tambo តារាចម្រៀងជនជាតិដើម អូស្រ្តាលី រួមគ្នាបើកការប្រគំតន្រ្តីសហគមន៍អបអរភាពចម្រុះ និង បរិយាបន្ន

២៦ មេសា ២០២៤ | កម្សាន្ដ

 

នេះជាលើកដំបូងហើយដែលតារាចម្រៀងខាងសប្បុរសធម៌ សាយ បានលេចមុខក្នុងការប្រគំ តន្រ្តីរូមគ្នាជាមួយលោក Mitch Tambo ដែលជាតារាចម្រៀងលំដាប់ពិភពលោកជនជាតិដើម អូស្រ្តាលី ។ ការប្រគំតន្ត្រីនេះមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ វាក៏ជាការប្រមូលផ្តុំសហគមន៍ ដើម្បីមកជួបជុំគ្នាផងដែរ ។

 

 

ការប្រគំតន្រ្តីនេះបានរៀបចំឡើងកាលពីថ្ងៃទី ២៥ ខែ មេសា កន្លងមកនេះ ដោយមានវត្តមាន លោក Pablo Kang ភារធារីស្ថានទូតអូស្ត្រាលី រួមជាមួយ Mitch Tambo តារាចម្រៀង លំដាប់ពិភពលោកជនជាតិដើមអូស្ត្រាលី និង សាយ តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងសប្បុរសជន ក្នុងបើកការប្រគំតន្ត្រីសហគមន៍អបអរភាពចម្រុះ និងបរិយាបន្ន ។ 

 


ដោយការប្រគុំតន្ត្រីនេះបានប្រារព្ធធ្វើឡើងនៅសាលាអន្តរជាតិ កាណាដា ភ្នំពេញ ប្រមូលផ្តុំទស្សនិកជនមក ពីគ្រប់មជ្ឈដ្ឋាន មកចូលរួមរាត្រីដ៏រស់រវើកនៃ វប្បធម៌ តន្ត្រី និងភាពសប្បាយរីករាយ ។ដូចមហាជនដឹងហើយថា តារាចម្រៀងដ៏អស្ចារ្យទាំងពីររូប គឺ Mitch Tambo មកពីប្រទេសអូស្ត្រាលី និង សាយ មកពី ប្រទេសកម្ពុជា សុទ្ធសឹងតែជាតារាចម្រៀង ដែលមានសកម្មភាពការងារខ្លាំងក្នុងការជួយដល់សង្គម ។ 

 


តារាចម្រៀង សាយ បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា លោកពិតជារីករាយ ដែលបានចូលរួមក្នុងការប្រគំតន្រ្តីដ៏អស្ចារ្យនេះ ។Mitch Tambo គឺជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិដើមរបស់ប្រទេស អូស្ត្រាលី ។ លោកជា បុរសជនជាតិ Gamilaraay ដ៏មានមោទនភាព ដែលនាំយកសំឡេង និងភាសាជនជាតិដើមមកលាយ ចូលជាមួយនឹងចង្វាក់ និងផលិតកម្មសហសម័យ ។ 

 


លោកគឺជាឯកអគ្គរដ្ឋទូតរបស់អង្គការយូនីសេហ្វ និង ជាបុគ្គលសង្គមដែលមានសមត្ថភាព ។ Mitch មានចំណូលចិត្តជាមួយភាពកម្រុះ និងជាអ្នកជំនាញវប្បធម៌ ដំល្បី ព្រមទាំងជាអ្នកជម្រុញទឹកចិត្តនៅទូទាំងសាលារៀន និងអង្គការសហគមន៍ក្នុងប្រទេសអូស្ត្រាលី ផងដែរ ។

 


លោក Pablo Kang ភារធារីស្ថានទូតអូស្ត្រាលី បានមានប្រសាសន៍ថា « ការប្រគុំតន្ត្រីនេះមិនមែនគ្រាន់តែ ជាការកម្សាន្តប៉ុណ្ណោះទេ វាក៏ជាការប្រមូលផ្តុំសហគមន៍របស់យើងដើម្បីមកជួបជុំគ្នាផងដែរ។ ខ្ញុំពិតជា រីករាយណាស់ដែលឃើញមនុស្សគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន មកជួបជុំគ្នាដើម្បីអបអរសហគមន៍យើង តាមរយៈតន្ត្រី និងសិល្បៈ ។


 ភ្ញៀវរបស់យើងមានមកពី ខាងការងារផ្នែកសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិជនជាតិដើមភាគតិច ព្រមទាំងក្រុម តស៊ូមតិផ្នែកស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា ។ មិនថានៅក្នុងប្រទេស អូស្ត្រាលី ប្រទេស កម្ពុជា ឬទូទាំង ពិភពលោកទេ បរិយាបន្ន ពង្រឹងសង្គមដែលយើងចង់រស់នៅ បង្កើតកន្លែងសម្រាប់ទេពកោសល្យ ដោយ មិនគិតពីសមត្ថភាពរាងកាយ ពូជសាសន៍ និងភេទ ឡើយ » ។


Mitch Tambo រួមជាមួយនឹងលោកស្រី Voice of Lele ដែលជាភរិយា និង Sermsah Bin Saad ដែលជាអ្នករាំរបស់ Mitch Tambo បានមកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ដល់ ២៦ ខែមេសា ដើម្បីចែករំលែកតន្ត្រី ចំណង់ចំណូលចិត្ត វប្ប ធម៌ សិល្បៈ និងរឿងរ៉ាវជនជាតិដើមរបស់គាត់ ជាមួយប្រជាជន កម្ពុជា ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Mitch Tambo បានធ្វើសិក្ខាសាលាមួយចំនួន ជាមួយសិស្សានុសិស្សនៅតាមវិទ្យាល័យ និងសកលវិទ្យាល័យ ព្រមទាំង សហគមន៍សិល្បៈផងដែរ។

 

Mitch ក៏បានផ្សព្វផ្សាយពីវប្បធម៌ និងសិល្បៈ របស់ជនជាតិដើម អូស្ត្រាលី ដែលជាផ្នែកមួយនៃការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរតាមរយៈ តន្ត្រី ។សាយ មិនត្រឹមតែល្បីល្បាញក្នុងការរត់ពាសពេញប្រទេស កម្ពុជា ដើម្បីរៃ អង្គាសប្រាក់សម្រាប់ការស្រាវជ្រាវជំងឺមហារីកប៉ុណ្ណោះទេ លោកក៏ជាដៃគូជាមួយអង្គការអុកស្វាម ដោយបានចុះតាមដងទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនៃអាកាសធាតុ និងការគ្រប់គ្រងទន្លេ សម្រាប់សហគមន៍ ។ សាយ បានបញ្ជាក់បន្ថែមថា ការប្រគំតន្រ្តីនេះគឺពិតជាបានផ្លាស់ប្តូរ និងធ្វើឱ្យលោកទទួលបានបទពិសោធថ្មីៗជាច្រើន ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024