ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ជប៉ុនរៀបចំពិធីប្រកួតកូនង៉ែតយំ «ក្រាយអ៊ីង.សូម៉ូ» (Crying Sumo) ដើម្បីទទួលរង្វាន់ឆ្នើមប្រចាំឆ្នាំ

កាលពីថ្ងៃទី២៨ ខែមេសា ប្រទេសជប៉ុនរៀបចំកម្មវិធីកូនង៉ែតយំ ឬក្រាយអ៊ីង.ស៊ូម៉ូនៅទីក្រុងតូក្យូ។ ក្រុមកីឡាករបោកចំបាប់ស៊ូម៉ូ (Sumo) មកពីសាកលវិទ្យាល័យនីហុន (Nihon) បានចូលរួមយោលអង្រឹងកូនង៉ែត។ គេឲ្យអ្នករៀបចំកម្មវិធីពាក់មុខកញ្ជ្រោងបិសាច ឬរូបខ្មោចដើម្បីញោះកូនង៉ែតឲ្យយំ។ យំកាន់តែខ្លាំងនឹងទទួលបានជ័យជម្នះនៅក្នុងការប្រកួត។

 

 

 

 

ការប្រកួតនេះសាមញ្ញបំផុត។ ធ្វើយ៉ាងណាឲ្យកូនង៉ែតទាំងនោះប្រញាប់ស្រែកយំឲ្យបានមុនគេ។ ពិធីដែលមានឈ្មោះថាក្រាយអ៊ីង.ស៊ូម៉ូ (Crying Sumo) ចាប់ផ្ដើមឡើងដំបូងកាលពីឆ្នាំ១៩៩១ដើម្បីជូនពរឲ្យក្មេងៗមានសុខភាពល្អ។ នៅឆ្នាំនេះមានកូនង៉ែតប្រហែលមួយរយនាក់ត្រូវគេនាំយកមកចូលរួមនៅក្នុងពិធីប្រកួតស្រែកយំ។ ជាការចម្លែកម៉្យាងដែរ កាលមិនទាន់ចាប់ផ្ដើមប្រកួត កូនង៉ែតខ្លះស្រែកយំទ្រហឹងអឺងកង។

 

ប៉ុន្តែដល់ពេលប្រកួតមែនទែន ពួកគេបែរជាស្ងាត់មាត់ឈឹងដូចគេចុក។ អ្នកខ្លះខំនឹកអរទុកជាមុនថាតែប៉ុណ្ណេះ ខ្លួននឹងឈ្នះការប្រកួតនេះជាមិនខានព្រោះកូនង៉ែតយំតាំងពីដំបូងទី។ ស្រាប់តែនៅពេលកីឡាករស៊ូម៉ូចាប់កូនង៉ែតបី កូនង៉ែតមិនត្រឹមតែមិនស្រែកយំទេ ពួកវាបែរជាញញឹមពព្រាយដាក់កីឡាករស៊ូម៉ូទៅវិញ។ ទោះជាយ៉ាងណាក្ដី ទាំងអ្នកទស្សនា និងអ្នកចូលរួមប្រកួតចាត់ទុកថានេះអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមួយ។

 

 

 

 

ទោះបីឈ្នះក៏ដោយ ចាញ់ក៏ដោយត្រូវចាត់ទុកថាជារឿងធម្មតា។ ភ្ញៀវដែលអញ្ជើញមកទស្សនាកម្មវិធីប្រកួតនេះមានចិត្តសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានព្រោះវាជាព្រឹត្តិការណ៍ដែលប្លែកភ្នែកប្លែកត្រចៀក។ ម៉្យាងវាជាកម្មវិធីកម្សាន្តជាប្រពៃណីទៅហើយ ហើយម៉្យាងទៀតវាជាការបង្កើតអនុស្សាវរីយ៍ និងការចងចាំទុកនៅក្នុងដួងចិត្តរបស់កូនង៉ែតទាំងនេះរហូតដល់ពួកគេធំពេញវ័យ។

 

គេអាចនិយាយបានថាក្មេងៗដែលយកមកប្រកួតទាំងនោះមានសុខភាពល្អកម្រិតណាអាស្រ័យលើកម្រិតស្រែកយំរបស់ពួកគេខ្លាំងកម្រិតណា។ បើពួកគេស្រែកយំមួយទំហឹងយ៉ាងទ្រហឹងអឺងកងមានន័យថាពួកគេមានកម្លាំងកំហែងមាំមួន។

 

អ្នករៀបចំកម្មវិធីប្រកួតយំនេះប្រាប់ថាបើក្រឡេកមើលមួយភ្លែត អ្នកដែលពុំធ្លាប់ស្វែងយល់វប្បធម៌នេះពីមុនមកអាចនឹងមានគំនិតអវិជ្ជមាន។ ពួកគេអាចនឹងគិតថាកម្មវិធីប្រពៃណីស្អីអីចឹងបន្លាចក្មេងៗឲ្យស្រែកយំបែបនេះ។ ប៉ុន្តែគេត្រូវដឹងថានៅក្នុងសង្គមរបស់ជប៉ុន ជប៉ុនជឿជាក់ថាកូនង៉ែតដែលស្រែកឮកងរំពងកាន់តែខ្លាំងកាលណាគឺកាន់តែល្អកាលហ្នឹង។

 

 

 

 

 

វាជាសញ្ញាបង្ហាញថាពួកគេធំដឹងក្ដីឡើងមានបារមីខ្ពស់ និងមានថាមពលចិត្តខ្លាំង។ ពិធីនេះត្រូវប្រជាជនជប៉ុននិយមចូលចិត្តយ៉ាងខ្លាំង។ ពួកគេតែងតែប្រារព្ធពិធីនេះគ្រប់ទីកន្លែងទូទាំងប្រទេសជប៉ុន។ គ្រាន់តែថាការរៀបចំ និងលក្ខខណ្ឌនៃការប្រកួតអាចល្អៀងគ្នាពីតំបន់មួយទៅតំបន់មួយទៀត។

 

ឧទាហរណ៍ នៅកន្លែងខ្លះ ប៉ាម៉ាក់របស់កូនង៉ែតចង់ឃើញកូនតូចរបស់ខ្លួនស្រែកយំឲ្យបានមុនគេដើម្បីទទួលជ័យជម្នះ។ ចំណែកនៅកន្លែងខ្លះទៀតក្មេងណាដែលស្រែកយំមុនគេជាអ្នកចាញ់ការប្រកួត៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024