ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋ ថៃ ច្រើនពាន់នាក់ចូលរួមពិធីបុណ្យថ្វាយបង្គំគ្រូចាក់សាក់ប្រចាំឆ្នាំ

២៥ មីនា ២០២៤ | កម្សាន្ដ

 

អ្នកមានជំនឿលើអាគមសាក់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវត្តបាងប្រាក់ ជិតទីក្រុងបាងកក ដើម្បីចូលរួមក្នុងពិធីបុណ្យបូជាដល់អាគមសាក់ប្រចាំឆ្នាំ និងគោរពបូជាដល់គ្រូសាក់ដ៏ល្បីល្បាញផងដែរ។

 


ព្រះសង្ឃ ហ្លួង ផ ពើន ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតសាក់មន្តអាគមដ៏ល្បីល្បាញប្រចាំប្រទេសថៃ បានទទួលអនិច្ចកម្មនៅឆ្នាំ ២០០២ ក្នុងជន្មាយុ ៧៩ វស្សា ប៉ុន្តែនៅតែមានអ្នកគោរពបូជាយ៉ាងខ្លាំង ជាពិសេសក្នុងពិធីប្រចាំឆ្នាំ កាលពីចុងសប្ដាហ៍កន្លងទៅ។

 


ក្នុងពិធីនោះ គេឃើញអ្នកគោរពបូជាខ្លះបានរងនូវបាតុភូតចម្លែកដែលគេជឿថាវិញ្ញាណនៃសត្វនៅក្នុងស្នាមសាក់របស់ពួកគេចូលសណ្ឋិត ដោយខ្លះរត់ ខ្លះស្រែកហ៊ោកញ្ជ្រៀវ និងបញ្ចេញកាយវិការកាចៗពេញបរិវេណវត្ត។

 


ពលរដ្ឋថៃជាច្រើនមានជំនឿថារូបសាក់ដ៏ពិសិដ្ឋគ្របដណ្តប់លើរាងកាយរបស់ពួកគេ អាចការពារពួកគេពីគ្រោះថ្នាក់ នាំមកនូវសំណាងល្អ និងអ្នកខ្លះជឿថាអាចព្យាបាលជំងឺថែមទៀត។ យុវជនអាយុ ២១ ឆ្នាំម្នាក់និយាយថារូបគេជឿលើស្នាមសាក់បន្ទាប់ពីអាចគេចផុតពីគ្រាប់កាំភ្លើងកាលពីឆ្នាំមុន។

 


ព្រះតេជគុណ Tuk (ទុក) ជាចៅអធិការវត្តបាងប្រាក់ មានសង្ឃដីកាថា គោលបំណងនៃការសាក់អាគមបុរាណនេះគឺចង់ដាស់តឿនមនុស្សឱ្យប្រកាន់ខ្ជាប់សីល ៥ ក្នុងជំនឿព្រះពុទ្ធសាសនា និងបង្ហាញការគោរពចំពោះមាតាបិតា និងលោកគ្រូអ្នកគ្រូ ដោយធ្វើអំពើល្អ។

 

 

អ្នកដែលបំពានសីលប្រាំនឹងធ្វើឱ្យមន្តអាគមសាក់របស់ពួកគេសាបរលាប ប៉ុន្តែពួកគេអាចមកបួងសួងពង្រឹងអាគមឡើងវិញនៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយនេះ ខណៈអ្នកចូលរួមគឺតម្រូវឱ្យទិញផ្កា ធូប និងបារីមួយកញ្ចប់ រួមជាមួយប្រាក់ចំនួន ១០០ បាត ស្មើនឹងប្រមាណ ១១០០០រៀល ជាតង្វាយសម្រាប់គ្រូសាក់ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024