ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បំបែកកំណត់ត្រាជាថ្មីលើវិស័យបវរកញ្ញា កម្ពុជា ក្រោយបេក្ខភាពរបស់ កម្ពុជា ជាប់លំដាប់រងទី ៣ កម្មវិធីលំដាប់ពិភពលោក Universal Woman 2024

២៥ មីនា ២០២៤ | កម្សាន្ដ

 

អបអរសាទរ កម្ពុជា ទទួលបានជាប់លំដាប់រងទី ៣ ក្នុងការប្រកួត Universal Woman 2024 ដែលមានកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលជាកំណត់ត្រាថ្មីមួយទៀតសម្រាប់វិស័យវបរកញ្ញានៅ កម្ពុជា។ 

 

 

ការប្រកួត Universal Woman 2024 បានបញ្ចប់ទៅដោយរលូន ដោយកញ្ញា Mariagiant មកពីប្រទេស ហ្វីលីពីន ជាម្ចាស់មកុដ Universal Woman 2024  ចំណែក កម្ពុជា ជាប់លំដាប់រងទី ៣ ។ កញ្ញា Brianna Mai តំណាងឱ្យស្រ្តី ខ្មែរ ក្នុងការប្រកួតនេះ ពិតជារីករាយខ្លាំងណាស់ដែលទទួលបានតំណែងមួយនេះ ។ 

 

 

នេះគឺជាកំណត់ត្រាថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញាកម្ពុជា អាចបោះជំហានទៅកាន់វគ្គ Top 5 នឹងក្លាយចាលំដាប់រងទី៣ នៃកម្មវិធីប្រកួតលំដាប់ពិភពលោកបែបនេះ ខណៈកន្លងទៅមានកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ធ្វើបានកាលពីឆ្នាំ២០២២ កន្លងទៅ ចូលទៅដល់វគ្គ Top ១០ តែទទួលបានមកុដ និងចាត់ទុកលំដាប់ Top ក្នុងគម្រប់ខួបប្រចាំឆ្នាំរបស់កម្មវិធី Miss Grand International ។

 


សម្រាប់ការប្រកួត Universal Woman 2024 ក្នុងវគ្គផ្តាច់ព្រ័ត្រ បានធ្វើការឡាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន កាលពីថ្ងៃទី ២២ ខែ មីនា កន្លងមកនេះ ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ថ្នាក់ដឹកនាំ ម្ចាស់ក្រុមហ៊ុន , បវរកញ្ញា និង សិល្បករនានា ។

 

 

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនេះ ទីបំផុតរកឃើញម្ចាស់មកុដ Universal Woman 2024 ហើយ គឺកញ្ញា Mariagiant មកពីប្រទេស ហ្វីលីពីន ។ កញ្ញា Mariagiant បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា នាងពិតជារីករាយណាស់ដែលមានសំណាងបានក្លាយទៅជាម្ចាស់មកុដ  Universal Woman 2024 ដែលជាក្តីស្រមៃខ្លួនតាំងពីយូរណាស់មកហើយ ។ 

 


ក្រឡេកទៅមើលប្រទេស កម្ពុជា វិញក៏មិនធម្មតាដែរ កញ្ញា Brianna Mai បានប្រឹងប្រែងអស់ពីសមត្ថភាព រហូតទទួលបានមកុដលំដាប់រងទី ៣ ក្នុងការប្រកួត Universal Woman 2024 ។ កញ្ញា Brianna Mai បានឱ្យដឹងថា នាងពិតជារីករាយណាស់ដែលបានជាប់លំដាប់រងទី ៣ ក្នុងកម្មវិធី Universal Woman 2024 នាងសន្យាថា នឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ហើយឱ្យពិភពលោកកាន់តែស្គាល់ប្រទេស កម្ពុជា ។ 

 


កញ្ញា រឿន ណាត ក៏ជាកណកម្មការដាក់ពិន្ទុះនៅក្នុងការប្រកួត Universal Woman 2024 ផងដែរ កញ្ញា បានបញ្ជាក់ប្រាប់ថា កញ្ញា Brianna Mai ពិតជាមានសមត្ថភាពខ្ពស់ក្នុងការប្រកួតនេះយ៉ាងពិតប្រាកដ អបអរសាទរចំពោះកញ្ញា Brianna Mai ដែលទទួលបានលំដាប់រងទី ៣ បើទោះបីជាកញ្ញាមិនអាចដណ្តើមមកុដ Universal Woman 2024 បានក៏ពិតមែន ប៉ុន្តែកញ្ញានៅតែស្ថិតក្នុងបេះដូងប្រជាជន កម្ពុជា ។

 


ការប្រកួត Universal Woman 2024 ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសអ្នកនាង ប្រាសាទ ដាវីន ដែលអ្នកគ្រប់គ្រងកម្មវិធី Universal Woman Cambodia ពិតជាមានមោទនភាពខ្លាំងក្នុងនាមជាម្ចាស់ផ្ទះ ដែលបានរៀបចំកម្មវិធីដ៏កក្រើកនេះឡើង ។ អ្នកនាង ប្រាសាទ ដាវីន ថែមទាំងបាននិយាយថា ពិតជាអស្ចារ្យ កម្ពុជា អាចធ្វើបាន ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024