ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
កញ្ញា កុយ អេណា ទៅរស់នៅប្រទេស New Zealand វិញមិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែត្អូញនឹកស្រុកកំណើត និងនឹកការងារដែលធ្លាប់ធ្វើ ហើយត្រៀមនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខ ។ ទន្ទឹមនិងការនឹករលឹកស្រុកកំណើត ស្រាប់តែថ្មីៗនេះមានព័ត៌មានថា កញ្ញា កុយ អេណា លំដាប់រងទី ១ Miss Grand Cambodia 2023 នឹងត្រឡប់មកជួបអ្នកគាំទ្ររបស់ខ្លួនវិញក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនាងបានបោះបង់ឱកាសមាស ឱកាសប្រាក់អស់រាប់ម៉ឺនដុល្លារ ។
បវរកញ្ញា កំពុងស្ថិតនៅក្នុងប្រទេស New Zealand ដើម្បីបន្តការសិក្សានៅទីនោះ ថ្វីដ្បិតតែខ្លួនប្រាណរបស់នាងកំពុងនៅឆ្ងាយពីអ្នកគាំទ្រក្តី ប៉ុន្តែ ចិត្ត និង បេះដូង របស់នាង គឺនៅជាមួយអ្នកគាំទ្រនៅក្នុងស្រុក ខ្មែរ គ្រប់ពេលវេលា ជាក់ស្តែង កញ្ញា កុយ អេណា តែងតែបង្ហាញអារម្មណ៍នឹករលឹកទៅកាន់អ្នកគាំទ្រនៅ លើហ្វេសប៊ុក មិនដែលខាន ។
បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធិជាមួយ កញ្ញា កុយ អេណា បានបង្ហើបប្រាប់ថា កញ្ញា នឹងមកប្រទេស កម្ពុជា នៅក្នុងអំឡុងខែ មីនា ខាងមុខនេះ ដើម្បីចូលរួមការងារធំមួយ ។ ចំពោះរឿងនេះផងដែរ កញ្ញា កុយ អេណា នៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ ដោយនាងបានត្រឹមតែនិយាយថា រងចាំមើលទាំងអស់គ្នា នាងត្រៀមនឹងមានដំណឹងល្អសម្រាប់អ្នកគាំទ្រ ។
ត្រឹមតែមួយខែចេញទៅប្រទេស New Zealand កញ្ញា កុយ អេណា ខាតបង់ការងារធំៗជាច្រើនទាំងក្នុង និងក្រៅស្រុក នាងមានអារម្មណ៍សោកស្តាយជាខ្លាំងនៅពេលដែលកំពុងល្បីឈ្មោះ បែរជាត្រូវបោះបង់ចោលឱកាសល្អនេះទៅវិញ ។
កុយ អេណា ថែមទាំងបានទទួលស្គាល់ផងដែរថា ក្រោយពីចេញមករស់នៅក្រៅប្រទេសតាមបំណងម្តាយរបស់ខ្លួន នាងត្រូវខាតបង់ប្រាក់ចំណូលរាប់ម៉ឺនដុល្លារ នាងពិតជាសោកស្តាយចំពោះរឿងនេះណាស់ តែដើម្បីអនាគតរបស់ខ្លួននិងសម្រេចម្តាយផង នាងត្រូវលះបង់ ។ អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរងចាំផ្លូវ កញ្ញា កុយ អេណា ត្រឡប់មកប្រទេស កម្ពុជា វិញ បន្ទាប់ពីបានដឹងថា នាងមានគម្រោងនឹងមកលេងស្រុកកំណើតក្នុងពេលឆាប់ៗ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក