ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
អ្នកស្រឡាញ់សត្វចិញ្ចឹមហ្វីលីពីនបានជ្រើសរើសប្រារព្ធពិធីបុណ្យនៃក្ដីស្រលាញ់ជាមួយសត្វដែលត្រូវបានជួយសង្គ្រោះ នៅឯមណ្ឌលសត្វមួយកន្លែងក្នុងទីក្រុងម៉ានីល ដើម្បីបង្ហាញពីក្តីស្រលាញ់ដល់ពួកគេ និងលើកកម្ពស់ការទទួលចិញ្ចឹមសត្វផងដែរ។
សមាគមសុខុមាលភាពសត្វហ្វីលីពីន បានរៀបចំព្រឹត្តិការណ៍ "FURst date" (ហ្វើស ដេត) ដែលអ្នកចូលរួមទាំងអស់អាចមកលេងជាមួយសត្វឆ្កែ និងឆ្មាដែលត្រូវបានជួយសង្គ្រោះ ដោយភ្ញៀវដែលចូលរួមអាចទទួលបានអាហារសម្រន់ បន្ទាប់ពីចូលរួមបរិច្ចាគទៅកាន់សមាគមចំនួន ១៣ដុល្លារ។
មន្ត្រីយុទ្ធនាការរបស់សមាគមគឺអ្នកនាង Sharon Yap (ស្ហារ៉ុន យ៉ាប) បាននិយាយថា ៩០ ភាគរយនៃសត្វនៅទីនេះត្រូវបានជួយសង្គ្រោះពីចេញ “ភាពឃោរឃៅ និងការធ្វេសប្រហែស”។
អ្នកចូលរួមកម្មវិធីអាចមើលថែសត្វទាំងនោះ ហើយទោះបីជាពួកគេមិនអាចចិញ្ចឹមពួកវាជារៀងរហូត យ៉ាងហោចណាស់ពួកគេអាចចូលរួមបរិច្ចាគដើម្បីសង្គ្រោះពួកវាដែរ។
អ្នកនាងបន្ថែមថា សកម្មភាពនេះនឹងអាចជួយកាត់បន្ថយរូបភាពនៃការបង្កគ្រោះថ្នាក់ចំពោះសត្វ ហើយសង្ឃឹមថា វិញ្ញាណនៃទិវាក្តីស្រឡាញ់នឹងលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យទទួលចិញ្ចឹមសត្វពីមណ្ឌលសង្គ្រោះ ជាជាងទិញសត្វចិញ្ចឹម។
នាពេលបច្ចុប្បន្ន សមាគមមួយនេះមានសត្វឆ្កែ ៦៥ ក្បាល និងឆ្មាចំនួន ១៧០ ក្បាល ដែលភាគច្រើនបានរងគ្រោះពីការទាក់យកទៅលក់ ឬការធ្វេសប្រហែសរបស់ម្ចាស់។ កម្មវិធីពិសេសនេះនឹងបន្តស្វាគមន៍អ្នកចូលរួមលេងជាមួយសត្វចិញ្ចឹមរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ៕
ប្រែសម្រួល៖ វ៉ាន់ថន