ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
អ្នកបង្ហាញម៉ូដល្បីមួយរូបនៅអាមេរិកបានបញ្ចេញស្នាដៃថ្មីៗរបស់ខ្លួនក្នុងព្រឹត្តិការណ៍ New York Fashion Week ជាមួយឈុតសម្លៀកបំពាក់ស្រស់ស្អាតទាក់ភ្នែកដែលមានលំនាំម៉ូដដូចក្នុងភាពយន្តវិទ្យាសាស្ត្រ “Dune”។
ព្រឹត្តិការណ៍សប្ដាហ៍ម៉ូដក្រុងញូវយ៉ក ឬ New York Fashion Week បានចាប់ផ្ដើមដោយមានការបង្ហាញម៉ូដពីអ្នកច្នៃម៉ូដល្បីឈ្មោះ Christian Siriano (គ្រីស្ទាន ស៊ីរីអាណូ) ដែលបានបញ្ចេញស្នាដៃថ្មីៗរបស់ខ្លួនជាឈុតសម្លៀកបំពាក់ស្អាតទាក់ភ្នែកដែលមានលំនាំម៉ូដដូចក្នុងភាពយន្តវិទ្យាសាស្ត្រ “Dune”។
ម៉ូដសម្លៀកបំពាក់បែបរដូវស្លឹកឈើជ្រុះ និងរដូវរងាទាំងអស់នេះ ត្រូវបានអ្នកច្នៃម៉ូដ Siriano (ស៊ីរីអាណូ) លើកឡើងថាបានបង្កប់ដោយគំនិតស្រមើស្រមៃក្នុងលោកអនាគតប៉ុន្តែក៏មានភាពស៊ីវីល័យសក្ដិសមសម្រាប់ការស្លៀកចូលរួមកម្មវិធីជប់លៀងតូចធំ និងកម្មវិធីផ្លូវការផ្សេងៗដែរ។
ដោយមានលំនាំម៉ូដដូចនឹងម៉ូដសម្លៀកបំពាក់ក្នុងខ្សែភាពយន្តល្បី “Dune” (ឌូន) ដូច្នេះហើយពណ៌ដែលត្រូវបានយកមកប្រើប្រាស់ភាគច្រើនគឺបែបសមុទ្រខ្សាច់ដូចជាពណ៌មាស ពណ៌ត្នោត ពណ៌ក្រហមឈាមជ្រូកជាដើម។
ក្រៅពីភាពទាក់ទាញនៃម៉ូដសម្លៀកបំពាក់លើឆាក Runway ដែលរៀបចំឡើងនៅសណ្ឋាគារ The Plaza Hotel កម្មវិធីនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់តារាល្បីៗជាច្រើនដូចជា តារាសម្ដែងស្រី Busy Phillips (ប៊ីស៊ី ហ្វីលីព), តារាចម្រៀង Ashlee Simpson (អាស្លី ស៊ីមសឹន) និងតារាសម្ដែង Alicia Silverstone (អាលីស្ហៀ ស៊ិលវើស្តូន) ជាដើម។
គួរបញ្ជាក់ដែរថាកម្មវិធីសប្ដាហ៍ម៉ូដក្រុងញូវយ៉ក ដែលរៀបចំឡើងពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះនឹងមានការចូលរួមបង្ហាញម៉ូដពីប្រេនល្បីៗជិត ៥០ ដូចជា Carolina Herrera, Tommy Hilfiger និង Brandon Maxwell ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន