ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
អាជីវកម្មសាឡន អាចជួយដល់យុវជន និងយុវនារី មានការងារធ្វើរាប់ម៉ឺននាក់ ថែមទាំងបង្កើតមុខរបរខ្នាតតូចបានរាប់ម៉ឺនកន្លែងនៅទូទាំងកម្ពុជា និងចូលរួមកាត់បន្ថយការចំណាកស្រុក ថែមទាំងអាចបង្កើនប្រាក់ចំណូលបានដោយខ្លួនឯងជាប្រចាំថ្ងៃ។ គោលបំណងក្នុងការបើកអាជីវកម្ម និងការរៀបយុទ្ធសាស្រ្តទីផ្សារឱ្យឈរជើងបានយូរអង្វែងនរណាក៏ធ្លាប់គិត ប៉ុន្តែការអនុវត្តន៍ជាក់ស្ដែង តែងជួបឧបស្គគ។ ហេតុដូចនេះម្ចាស់អាជីវកម្មដែលខ្លាំងត្រូវតែមានតិចនិក យកបេះដូងអតិថិជន និងធ្វើឱ្យអតិថិជនណែនាំភ្ញៀវបន្ត។ បច្ចុប្បន្ននេះ ការបើហាងសាឡន ឬអាជីវកម្មសាឡងកំពុងតែរីកដុះដាលដូចផ្សិត មិនថា នៅតាមបណ្តាលខេត្ត ឬរាជធានីភ្នំពេញ។ ហើយប្រសិនជាអ្នកចង់បើកអាជីវកម្មសាឡន ឱ្យមានស្ថេរភាពបានយូអង្វេង ទទួលបានប្រាក់ចំណូលច្រើន និងមានអតិថិជនគាំទ្រកាន់តែច្រើន អ្នកត្រូវមានចំណេះជំនាញពិតប្រាកដវាអាចជាឆ្នាំងបាយរបស់យើងរួមទាំងបន្តដល់កូនចៅថែមទៀតផង។
ជាក់ស្តែង អ្នកស្រី រាជនី អ្នកជំនាញផាត់មុខ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់នាពេលកន្លងមកទម្រាំតែទទួលបានជោគជ័យ ក្លាយជាអ្នកជំនាញសាឡនអាជីពមានវិជ្ជាជីវៈ មានភ្ញៀវគាំទ្រច្រើនរហូតដល់សព្វថ្ងៃនេះ។ អ្នកស្រី បានឲ្យក្រុមការងារ សេដ្ឋកិច្ចភីអិនអិន ដឹងថា ការចាប់ផ្តើម ឬស្រលាញ់នូវមុខរបរអ្វីមួយ អ្វីដែលត្រូវចាប់ផ្តើមមុនគេនោះគឺ ការជ្រើសរើសទីតាំង ត្រូវរកកន្លែងណាដែលមានទីប្រជុំជនមនុស្សរស់នៅច្រើនមានកន្លែងធំទូលាយងាយស្រួលក្នុងការដាក់សម្ភារៈផ្ទាល់ខ្លួនរបស់ភ្ញៀវឱ្យមានសុវត្ថិភាព ជាពិសេសទីកន្លែងត្រូវរៀបចំឱ្យបានស្អាតល្អដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។ ម៉្យាងវិញទៀត ជាងសាឡនគ្រប់រូបត្រូវមានសមត្ថភាពឱ្យបានច្បាស់លាស់ប្រសិនបើយើងអសមត្ថភាព អាជីវកម្មយើងអាចប្រឈមនិងការបិទទ្វារដោយសារអាជីវកម្មសាឡនជាអាជីវកម្មមួយប្រភេទ ដែលយើងត្រូវការលក់ស្នាដៃ លក់សមត្ថភាព ដូច្នេះបើយើងមិនបង្កើនសមិទ្ធផលឱ្យខ្លួនឯងមានគុណភាពនិងតម្លៃទេ ប្រាកដណាស់អតិថិជននិងមិនមកកន្លែងយើងទៀតនោះទេ ។
អ្នកស្រីបន្តថា អ្វីដែលជាងសាឡនខ្វះមិនបានគឺត្រូវតែមានភាពច្នៃប្រឌិតជាមួយសេវាកម្ម ត្រូវស្រាវជ្រាវឱ្យបានច្រើននិងបង្កើតអ្វីដែលថ្មីប្លែកឱ្យខុសពីគេទៅតាមធ្វីដែលអាចធ្វើទៅបាន។ ក្នុងនេះផងដែរ ត្រូវផ្ដល់ជូន និងបម្រើសេវាកម្មឱ្យអតិថិជនមានភាពកក់ក្ដៅនៅក្នុងចិត្ត។ បន្ថែមពីលើនេះ អ្នកស្រី រាជនី ត្រូវតុបតែងដេរគ័រហាង ព្រោះថាទីផ្សារបច្ចុប្បន្នមិនដូច១០ឆ្នាំមុននោះទេ ដោយពីមុនយើងចង់បើកអាជីវកម្មសាឡនក្នុងទំរង់យ៉ាងម៉េចក៏បាន តែផ្ទុយទៅវិញស្ថានភាពជាក់ស្ដែងសព្វថ្ងៃនេះបើសិន លោកអ្នកចង់បើកហាងសាឡន ត្រូវរៀបចំតុបតែងឱ្យបានស្អាតធ្វើឱ្យមានភាពទាក់ទាញរួមទាំងមានផាសុខភាពនិងមានអនាម័យ។
បន្ថែមពីនេះ ត្រូវចំណាយពេល និងចំណាយធនធាន ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញសក់ ជំនាញសាឡន ជំនាញគ្រប់គ្រងអាជីវកម្មសាឡនសម្រាប់ខ្លួនឯងជាប្រចាំ ដើម្បីដើឲ្យរទាន់សម័យកាលរីកចម្រើននៃវិស័យសាឡន និងសម្រស់។ អ្នកជំនាញសាឡន បានសង្កត់ធ្ងន់ថា ជាក់ស្តែង ហាងសាឡនជាច្រើនជាផ្នែកមួយដែលបានចូលរួមចំណែកជួយដល់សង្គម ដោយផ្ដល់មុខរបរដល់បុរស ស្ត្រីនៅកម្ពុជា ឱ្យមានប្រាក់ចំណូល និងជំនាញច្បាស់លាស់ក្នុងវិស័យនេះផងដែរ។ ក្នុងន័យនេះ អ្នកស្រីក៏បានលើកទឹកចិត្តទៅដល់ យុវជនទាំងអស់ ក្រៅតែពីចេះជំនាញសាឡន ក៏ត្រូវតែស្វែងរកជំនាញអ្វីផ្សេងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួន ដូចជា បច្ចេកទេសវិជ្ជាជីវៈ ភាសាបរទេស ភាសាចិន ជប៉ុន កូរ៉េ ឬអង់គ្លេស ជាដើម រួមផ្សំនឹងចំណេះដឹងខាងបច្ចេកវិទ្យាឌីជីថលផង ក៏សុទ្ធតែជាជំនាញដែលយុវជនមិនអាចមើលរំលងឡើយ៕
អ្នកស្រី រាជនី អ្នកជំនាញផាត់មុខ លើកឡើងបន្ថែមថា វិស័យសក់ និងសាឡន គឺជាឧស្សហកម្មគ្មានផ្សែងមួយ ដែលមានគ្រប់ទីកន្លែង មានគ្រប់ផ្សារ និងទីប្រជុំជននៅកម្ពុជា។ វិស័យនេះបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចជាតិ។ វិស័យនេះអាចជួយដល់យុវជន និងយុវនារី មានការងារធ្វើរាប់ម៉ឺននាក់ ថែមទាំងបានបង្កើតមុខរបរខ្នាតតូចបានរាប់ម៉ឺនកន្លែងនៅទូទាំងកម្ពុជា ចូលរួមកាត់បន្ថយការចំណាកស្រុក និងជួយឲ្យសម្រស់ម្នាក់ៗស្រស់ស្អាត និងក្មេងជាងវ័យ។ ជាងសក់ ជាងសាឡន គឺជាបុគ្គលដែលជួយឱ្យមនុស្សធម្មតាក្លាយជាមនុស្សដែលមានសម្រស់ស្អាតជាងមុន និងក្មេងជាងវ័យ ជាពិសេសបង្កើនប្រាក់ចំណូលប្រចាំថ្ងៃបានល្អ រឹងមាំ និងអាចក្លាយជាអ្នកមានជីវភាពធូរធា។
កញ្ញា រស្មី ជានិស្សិត បានឲ្យដឹងថា កញ្ញាឃើញថា នៅកម្ពុជាសព្វថ្ងៃនេះការបើសាឡនកំពុងតែមានសន្ទុះខ្លាំង ទៀតសោទអាជីវកម្មសាឡន ក៏មិនងាយនិងសាបសូន្យផងដែល។ កញ្ញា បន្តថា អាជីវកម្មមួយនេះក៏ទទួលបានចំណូលច្រើន ដូចជាការផាត់មុខខ្លះ មានតម្លៃចាប់ពី១៥ដុល្លា ដល់៥០០ដុល្លាក៏មាន។ វិស័យសាឡន ឬការបើកហាងសាឡងមានចំនួនកើនឡើងគួរឲ្យកត់សំគាល់មិនថានៅតាមបណ្តាលខេត្ត ក្រុង និងរាជធានីភ្នំពេញ មានគ្រប់ទីកន្លែង សាឡនជាអាជីពមួយដែលជួយឱ្យមនុស្សកាន់តែស្អាត និងមានរាសីខ្ពស់ សាឡនគឺជាអាជីពដែលឯករាជ្យ សាឡនគឺជាអាជីពជួយបង្កើនគ្រួសារ ចំណូលជាតិ និងជួយកំណើនសេដ្ឋកិច្ចជាតិ សាឡន គឺជាអាជីពជួយឱ្យមានជីវភាពធូរធា សាឡនគឺជាអាជីពដែលរៀនបានចំណេះ រៀនបានជំនាញ និងរៀនបានចំណូល។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើនឡើងចំនួនប្រជាជន គួរកត់សម្គាល់ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ។ ក្រសួងការងារ ក៏បានប្រកាសថា នៅប្រទេសកម្ពុជាយើង អត្រាមានការងារធ្វើ មានប្រមាណ ៩៩,៣% និងមានកម្លាំងពលកម្ម ទាំងក្នុង និងក្រៅប្រទេស ១០.៨លាននាក់។ ដូច្នេះដើម្បីឆ្លើយតបនឹងក្តីប្រាថ្នាកាន់តែខ្ពស់ ក្នុងការមានការងារកាន់តែមានគុណភាព ប្រាក់ចំណូលកាន់តែកើនខ្ពស់ និងជីវភាពកាន់តែប្រសើរ ច្បាស់ណាស់ទាមទារឱ្យយុវជនយើង ពិសេស ត្រូវតែសង្វាត ចូលរៀន ដើម្បីបង្កើនចំណេះដឹង និងជំនាញ។
អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត