ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
តារាសម្ដែងល្បីកូរ៉េ Lee Sun-kyun (លី សុនឃ្យុន) ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តដោយសង្ស័យថាបានធ្វើអត្តឃាត ខណៈកំពុងរងការចោទប្រកាន់ករណីគ្រឿងញៀន។
ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap (យ៉ុនហាប់) បានរាយការណ៍នៅថ្ងៃពុធ ទី២៧ ខែធ្នូ ដោយដកស្រង់សម្ដីប៉ូលិសថា Lee Sun-kyun (លី សុនឃ្យុន) តារាសម្តែងកូរ៉េខាងត្បូងល្បីឈ្មោះក្នុងភាពយន្តឈ្នះពានរង្វាន់អូស្កា “Parasite” (ផារ៉ាសាយ) ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្ត ស្របពេលដែលលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រភពដដែលបានឱ្យដឹងថា លោក Lee Sun-kyun (លី សុនឃ្យុន) ត្រូវបានគេប្រទះឃើញស្លាប់ដោយមានដុំធ្យូងអនាម័យដុតនៅក្នុងឡានចតនៅសួនឧទ្យានក្នុងទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃពុធ បន្ទាប់ពីភរិយារបស់លោកបានរាយការណ៍ទៅប៉ូលីសថា លោកបានចាកចេញពីផ្ទះ ហើយនាងបានរកឃើញសំបុត្រដែលហាក់ដូចជាសំបុត្រផ្ដែផ្ដាំមុនធ្វើអត្តឃាត។
កើតនៅឆ្នាំ ១៩៧៥ លោក Lee Sun-kyun (លី សុនឃ្យុន) បានសម្តែងជាឪពុករបស់គ្រួសារអ្នកមាននៅក្នុងរឿង "Parasite" និងត្រូវបានអ្នកគាំទ្រភាពយន្តកូរ៉េស្គាល់ច្បាស់តាមរយៈភាពយន្តល្បីៗជាច្រើនទៀត ដូចជាភាពយន្ត "Helpless" ក្នុងឆ្នាំ ២០១២ និង ភាពយន្ត "All About My Wife" ក្នុងឆ្នាំ ២០១៤ ជាដើម។ ភរិយារបស់លោកគឺតារាសម្ដែងស្រី Jeon Hye Jin (ចុន ហេជីន) ដែលបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០០៩ និងមានកូនចំនួន២នាក់ជាមួយគ្នា ៕
ប្រែសម្រួល៖ វ៉ាន់ថន