ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
អភិបាលក្រុងប៉ារីស អ្នកស្រី Anne Hidalgo (អ៊េន ហ៊ីដាលហ្គោ) និងតារាសម្តែងប្រុស Gilles Lellouche (ជីលស៍ លេលលូច) បានផ្ដល់កិត្តិយសចុចប៊ូតុងដើម្បីសម្ពោធពិធីបំភ្លឺភ្លើងពណ៌អបអរបុណ្យណូអែល និងថ្ងៃឈប់សម្រាកចុងឆ្នាំនៅឆ្នាំនេះ ដោយមានមនុស្សជាច្រើនអបអរសាទរ ខណៈភ្លើងពណ៌ចិញ្ចែញចិញ្ចាញត្រូវបានដាក់បំភ្លឺនៅលើដើមឈើចំនួន ៤០០ដើមតាមដងរុក្ខវិថី Champs Elysees (ឆមស៍ សេលីហ្សេ) ។
ភ្ញៀវទេសចរមួយរូបមកពីប្រទេសប្រេស៊ីលបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា "ទីក្រុងប៉ារីសគឺជាទីក្រុងភ្លើងពណ៌ ហើយការរៀបចំភ្លើងពណ៌បុណ្យណូអែលនៅទីនេះពិតជាឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃទីក្រុងបានល្អណាស់”។ កម្មវិធីបំភ្លឺភ្លើងពណ៌នេះនឹងត្រូវបើកដើម្បីស្វាគមន៍អ្នកទស្សនារៀងរាល់យប់ក្នុងកំលុងរដូវវិស្សមកាលបុណ្យឆ្លងឆ្នាំរហូតដល់ថ្ងៃទី៧ ខែមករា។
ក្រៅពីការលម្អភ្លើងពណ៌នៅដងវិថី Champs Elysees (ឆមស៍ សេលីហ្សេ) នៅសួនឧទ្យានក្រុងប៉ារីសក៏មានការតាំងលម្អចង្កៀងគោមធំៗជារូបសត្វ ដូចជាសត្វខ្លា ក្ងោក ពស់ និងដំរីដើម្បីស្វាគមន៍អ្នកទស្សនាផងដែរ។
ការដាក់តាំងចង្កៀងគោមរូបសត្វនេះ គឺជាការរៀបចំរបស់សារមន្ទីរជាតិនៃប្រវត្តិសាស្រ្តធម្មជាតិរបស់ប្រទេសបារាំងដើម្បីអបអរការចូលដល់នៃរដូវរងា និងដើម្បីផ្សព្វផ្សារនូវសារថាសត្វទាំងនេះពិតជាមានសារៈសំខាន់យ៉ាងណាចំពោះប្រព័ន្ធអេកូឡូស៊ី។ ពិព័រណ៍ចង្កៀងគោមរូបសត្វនេះនឹងបន្តរហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ៕
ប្រែសម្រួល៖ វ៉ាន់ថន