ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
អាជ្ញាធរក្នុងតំបន់បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា ទីក្រុង Venice (វ៉េនីស) នឹងចាប់ផ្តើមសាកល្បងយកថ្លៃចូលទស្សនាប្រចាំថ្ងៃ និងកំណត់ចំនួនភ្ញៀវចូលទស្សនាក្នុងគោលបំណងគ្រប់គ្រងលំហូរនៃភ្ញៀវទេសចរនៅថ្ងៃឈប់សម្រាកនិទាឃរដូវ និងចុងសប្តាហ៍រដូវក្តៅមួយចំនួន នៅពេលដែលចំនួនអ្នកទស្សនាឈានដល់កម្រិតកំពូល។
ការរឹតបន្តឹងនឹងអនុវត្តចាប់ពីម៉ោង 08:30នាទីព្រឹកដល់ម៉ោង 16:00 រសៀលម៉ោងក្នុងស្រុក សម្រាប់រយៈពេលសរុប ២៩ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែមេសាដល់ពាក់កណ្តាលខែកក្កដាឆ្នាំក្រោយ។
ក្នុងនោះអ្នកធ្វើដំណើរនឹងត្រូវកក់សំបុត្រចូលទស្សនារបស់ខ្លួនតាមអ៊ីនធឺណិត ហើយបង់ប្រាក់ ៥ អឺរ៉ូ ស្មើនឹង ៥,៤៥ ដុល្លារអាមេរិក ដើម្បីទទួលបានលេខកូដ QR ដែលនឹងត្រូវបានត្រួតពិនិត្យនៅច្រកចូលជាក់លាក់ ដើម្បីអាចចូលទៅកាន់តំបន់ប្រវត្តិសាស្ត្ររបស់ទីក្រុង។
ការរឹតបន្តឹងនឹងមិនអនុវត្តចំពោះតំបន់កោះតូចៗដូចជាកោះ Murano (មូរ៉ាណូ) នោះទេ។ភ្ញៀវទេសចរដែលមិនគោរពតាមវិធានការនេះអាចប្រឈមមុខនឹងការផាកពិន័យចាប់ពី ៥០ ទៅ ៣១០ អឺរ៉ូ ៕
ប្រែសម្រួល៖ វ៉ាន់ថន