ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ប៉េងប៉ោងរូបតុក្កតាធំៗប៉ុនអគារជាច្រើនត្រៀមបង្ហាញខ្លួនក្នុងក្បួនដង្ហែប្រចាំឆ្នាំសម្រាប់ពិធីបុណ្យ Thanksgiving នៅទីក្រុងញូវយ៉ក។ ប៉េងប៉ោងរូបតុក្កតា Minion (មីនៀន), Pokemon Pikachu (ប៉ុកខេម៉ុន ពីកាជូ) និងរូបតុក្កតាល្បីៗជាច្រើនទៀតត្រូវបានដំឡើងរួចស្រេចកាលពីថ្ងៃទី២២ ខែវិច្ឆិកា ពោលគឺមួយថ្ងៃមុនពេលពិធីបុណ្យ Macy's Thanksgiving ប្រចាំឆ្នាំលើកទី ៩៧ នៅទីក្រុងញូវយ៉ក។
ប៉េងប៉ោងខ្នាតយក្សសរុបចំនួន ២៥ និងពោងចំនួន ៣១ នឹងត្រូវដង្ហែតាមដងវិថី West 77th Street និងឧទ្យាន Central Park West នៅថ្ងៃទី ២៣ ខែវិច្ឆិកា នៅវេលាម៉ោង ៨និង៣០នាទីព្រឹកម៉ោងនៅអាមេរិក ហើយនឹងបញ្ចប់នៅខាងក្រៅបរិវេណ Macy's Herald Square (ម៉េស៊ី ហ៊ើរ៉ល ស្ខ្វែ) នៅពេលថ្ងៃត្រង់។
រៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ១៩២៤ ពិធីបុណ្យក្បួនដង្ហែ Macy's Thanksgiving ត្រូវបានចាត់ទុកថាជាក្បួនដង្ហែបុណ្យ Thanksgiving មានអាយុកាលចំណាស់បំផុតលំដាប់ទី២របស់សហរដ្ឋអាមេរិក និងត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ NBC ចាប់តាំងពីឆ្នាំ១៩៥៣មក។ ជារៀងរាល់ឆ្នាំក្បួនដង្ហែនេះតែងមានអ្នកចូលរួមទស្សនាច្រើនកុះករជាពិសេសសម្រាប់អ្នកគាំទ្រភាពយន្តតុក្កតាគំនូរជីវចល ៕
ប្រែសម្រួល៖ វ៉ាន់ថន