ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ទើបតំណាងឱ្យកម្ពុជាលើឆាក SILK ROAD នៅចិន ស៊ីន យូប៊ីន ស្រាប់តែទទួលពានមួយទៀត នៅសិង្ហបុរី

០២ តុលា ២០២៣ | កម្សាន្ដ

 

គ្រាន់តែចប់កម្មវិធី 10th SILK ROAD INTERNATIONAL FILM FESTIVAL 2023 នៅចិន ភ្លាម កញ្ញា ស៊ីន យូប៊ីន ប្រញាប់ហោះទៅទទួលពាន Shining International Award ពីកម្មវិធី Hall of fame in Singapore 2023 ភ្លែត ថែមទាំងបានបង្ហាញមោទកភាពក្នុងនាមសិល្បករខ្មែរ ដែលបានស្នាដៃលើឆាកអន្តរជាតិជាបន្តបន្ទាប់។

 

 

 តារាសម្តែងស្រីឆ្នើម កញ្ញា ស៊ីន យូប៊ីន និងតារាសម្តែងដ៏មានប្រជាប្រិយភាព លោក ខាត់ វ៉ៃហាំង ទទួលបានកត្តិយសតំណាងឱ្យកម្ពុជាចូលរួមបកស្រាយបទចម្រៀងជាមួយតារាចម្រៀងល្បីៗរបស់ចិន ក្នុងព្រឹត្តិការណ៍បើក 10th SILK ROAD INTERNATIONAL FILM FESTIVAL 2023 នៅទីក្រុង ហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន។ 
ក្នុងនោះផងដែរអ្នកទាំងពីរ ពិតជាធ្វើបានល្អខ្លាំងមែនទែនក្នុងនាមជាតារាចម្រៀងខ្មែរចូលរួមបកស្រាយបទចម្រៀងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ 

 

 

ស្រីស្រស់សោភារូបស្រស់នេះ បានបង្ហាញមោទនភាពក្នុងនាមជាសិល្បករខ្មែរ ដែលមានឱកាសបានឡើងបកស្រាយបទចម្រៀងផ្ទាល់លើឆាកដ៏ធំសម្បើមនេះ ព្រោះកម្មវិធីនេះមិនងាយស្រួលទទួលបានការអញ្ញើញនោះឡើយ។

 

 

 យូប៊ីន ឱ្យដឹងទៀតថា ភាគីខាងចិនរៀបចំទទួលគណៈប្រតិភូកម្ពុជាខ្មែរ និងសិល្បករ-សិល្បការនីខ្មែរយើងយ៉ាងដិតដល់ស្របពេលដែលឆ្នាំនេះគឺជាខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន ដូច្នេះនេះពិតជាកិត្តិយសខ្លាំងមែនទែន។ 

 

 

មិនទាន់អស់នៅឡើយទេ គ្រាន់តែចប់កម្មវិធីនៅចិនភ្លាម តួឯកស្រីរឿង «លួចស្នេហ៍គូដណ្តឹង» ប្រញ៉ាប់ហោះទៅសិង្ហបុរី ភ្លែត ដើម្បីឡើងទទួលពានរង្វាន់ Shining International Award ក្នុងកម្មវិធី Hall of fame in Singapore 2023 ឬ HOFS។ 

 

 

ចំពោះមុខអ្នកចូលរួមក្នុងកម្មវិធី HOFS ស្រីស្អាត ស៊ីន យូប៊ីន បានឡើងបង្ហាញចំណាប់អារម្មណ៍រំភើប និងមោទកភាពក្នុងនាមតារាសម្តែងខ្មែរ ដែលទទួលបានពាន Shining International Award នេះ និងបានអំពាវនាវទៅដល់ភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកទស្សនាកម្សាន្ដនៅប្រទេសកម្ពុជា ជាកន្លែងដែលលោកអ្នកអាចមកទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ជីវចម្រុះដ៏សម្បូរបែប ជាពិសេសនោះគឺប្រាសាទអង្គរវត្តដែលជាដួងព្រលឹងនៃប្រទេសកម្ពុជាតែម្តង។

 

 

គួររំលឹកផងដែរថា កញ្ញា ស៊ីន យូប៊ីន សាងបានសមិទ្ធផលស្នាដៃធំជាច្រើនផ្នែក រាប់ចាប់ពីស្នាដៃក្នុងស្រុក រហូតដល់ស្នាដៃលើឆាកអន្តរជាតិនាមួយរយៈចុងក្រោយនេះ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025