ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
បង្វែរអារម្មណ៍មកទស្សនាការបង្ហាញម៉ូដស្រស់ស្អាតនិងប្រណិតៗពីម៉ាកសម្លៀកបំពាក់ Gucci និង Fendi សម្រាប់ឆ្នាំ២០២៤ ដែលបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍សប្ដាហ៍ម៉ូដទីក្រុងមីឡានកាលពីពេលថ្មីៗ។
នាយកផ្នែកច្នៃម៉ូដថ្មីរបស់ម៉ាក Gucci (គូឈី) លោក Sabato De Sarno (សាបាតូ ដេ សាណូ) បានបញ្ចេញនូវឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ នៃការរចនាម៉ូដបែបតិចតួចនិយម ឬ Minimalist (មីនីម៉លលីស) សម្រាប់កម្មវិធីបង្ហាញម៉ូដដំបូងរបស់ខ្លួននៅទីក្រុងមីឡាន កាលពីពេលថ្មីៗនេះដោយបានទាក់ទាញការសរសើរ និងសង្ឃឹមថានឹងអាចជួយធ្វើឱ្យការលក់របស់ម៉ាក Gucci មានសន្ទុះឡើងវិញ។
ម៉ូដែលនានាបានដើរបង្ហាញម៉ូដលើវេទិកាដែលមានទីតាំងស្ថិតនៅទីស្នាក់ការកណ្តាលរបស់ Gucci នៅទីក្រុងមីឡាន ជាមួយឈុតថ្មីដែលត្រៀមចេញលក់នៅដើមឆ្នាំ២០២៤ខាងមុខនេះមានដូចជាខោខ្លីស្លៀកជាមួយអាវធំ រ៉ូបខ្លីគ្មានដៃ អាវរងាខើចៗ និងអាវវាលក្លៀកកជ្រៅជាដើម។
បន្ទាប់ពីបានទស្សនាការបង្ហាញម៉ូដនេះ និពន្ធនាយកទស្សនាវដ្ដីម៉ូដ The Impression (ឌិ អ៊ីមប្រេសិន) លោកKenneth Richard (ខេនណេត រីឆាត) បាននិយាយថា “De Sarno (ដេសាណូ) ពិតជាដឹងពីអ្វីដែលគ្រប់គ្នាត្រូវការក្នុងពេលបច្ចុប្បន្ន នោះគឺសម្លៀកបំពាក់កីឡាបែបប្រណិតដែលស្រស់ស្អាត តែមិនសិចស៊ីពេក"។
ម៉ាកយីហោសម្លៀកបំពាក់ល្បីមួយទៀតរបស់អ៊ីតាលីគឺ Fendi (ហ្វេនឌី) ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងដែរសម្រាប់ការបង្ហាញម៉ូដឈុតសម្លៀកបំពាក់នារីសម្រាប់រដូវក្ដៅនិងរដូវរងារបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Milan Fashion Week កាលពីពេលថ្មីៗ។ ក្នុងនោះ Collection លើកនេះរបស់ Fendi ត្រូវបានកែច្នៃក្រោមប្រធានបទ “ភាពងាយស្រួលនៃការស្លៀកពាក់ជាមួយសេរីភាពបែបជនជាតិរ៉ូម”។
សម្រាប់ក្រុមហ៊ុន Fendi ដែលត្រូវបានបង្កើតឡើងនៅទីក្រុងរ៉ូមក្នុងឆ្នាំ ១៩២៥ ហើយឥឡូវនេះជាផ្នែកមួយនៃក្រុមហ៊ុនប្រណីតរបស់បារាំង LVMH អ្នករចនាម៉ូដ Kim Jones (គីម ចូន) បានរួមបញ្ចូលគ្នានូវ "ស្ទីលបែបបុរស" ដូចជាអាវស្បែកជាមួយនឹងក្រណាត់ផ្សេងៗដែលបង្ហាញពី "ភាពទន់ភ្លន់ និងសុភាពនារី" ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Milan Fashion Week ដែលបានបញ្ចប់ទៅកាលពីដើមសប្ដាហ៍រួមមានការបង្ហាញម៉ូដចំនួន ៦២ឆាក សម្រាប់ Collection ឈុតរដូវក្តៅនិងរដូវផ្ការីកពីម៉ាកយីហោល្បីៗជាច្រើនទៀតដូចជា Giorgio Armani (ចជីអូ អាម៉ានី), Prada (ប្រាដា), D&G និង Versace (វើសាឆេ) ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន