ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ការបង្ហាញម៉ូដ Collection ថ្មីៗពីម៉ាកសម្លៀកបំពាក់ Saint Laurent នៅក្នុងព្រឹត្តិការណ៍ Paris Fashion Week បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ជាពិសេសក៏មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនផងដែរ។
ចាត់ទុកថាជា Show មួយទៀតដែលគ្រប់គ្នាទន្ទឹងរង់ចាំទស្សនាក្នុងព្រឹត្តិការណ៍ Paris Fashion Week ជាមួយម៉ាកសម្លៀកបំពាក់ប្រណិតល្បី Saint Laurent (សង់ ឡូរ៉ង់) ដែលបានបង្ហាញនូវ Collection ប្រចាំរដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៤ ជាស្នាដៃរបស់នាយកផ្នែកច្នៃម៉ូដ Anthony Vaccarello (អេនថូនី វ៉ាខារ៉េឡូ)។
ការបង្ហាញម៉ូដនៅកណ្ដាលទីក្រុងប៉ារីសនេះបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណពិសេសរបស់ម៉ាក Saint Laurent (សង់ ឡូរ៉ង់) គឺការច្របាច់បញ្ចូលគ្នារវាងស្ទីលសម្លៀកបំពាក់បុរសនិងសម្លៀកបំពាក់នារីបានយ៉ាងចូលគ្នាល្អ ជាពិសេសឈុតបែប Jumpsuit (ចាំស្យូត) ដែលមានអាវនិងខោជាប់គ្នា ដោយភាគច្រើនគឺជាពណ៌បែបស្លឹកឈើក្រៀម ពណ៌ត្នោត ពណ៌ស និងពណ៌ខ្មៅ។ គ្រឿងប្រដាប់ផ្សេងៗទៀតដូចជាវ៉ែនតា ក្រវិល មួក ខ្សែក ខ្សែក្រវ៉ាត់ និងកងដៃជាដើម ក៏បានធ្វើឱ្យការបង្ហាញម៉ូដមួយនេះកាន់តែមានភាពសម្បូរបែបមួយកម្រិតទៀត។
ក្រៅពីការបង្ហាញឈុតប្រណិតៗជាច្រើន វេទិការបស់ Saint Laurent (សង់ ឡូរ៉ង់) ក៏ពោរពេញទៅដោយវត្តមានភ្ញៀវកិត្តិយសជាតារាល្បីៗលំដាប់ពិភពលោកដូចជា Rosé (រ៉ូហ្សេ) ក្រុម Blackpink, Mark Tuan (ម៉ាក តួន) ក្រុម Got7, តារាម៉ូដែល Hailey Bieber (ហាយលី ប៊ីប៊ើ), តារាម៉ូដែល Emma Mackey (អេម៉ា ម៉េឃី), តារាម៉ូដែល Kate Moss (ខេត ម៉ូស), តារាសម្ដែង Zoë Kravitz (ហ្សូវី ក្រាវីត) និងតារាសម្ដែង Demi Moore (ដេមី ម័រ) ជាដើម។
សូមបញ្ជាក់ថា កម្មវិធីសប្ដាហ៍ម៉ូដទីក្រុងប៉ារីស ឬ Paris Fashion Week នឹងដំណើរការរហូតដល់ថ្ងៃទី ៣ ខែតុលា ដោយនឹងមានការបង្ហាញម៉ូដពីម៉ាកសម្លៀកបំពាក់ល្បីៗជាច្រើនទៀតរួមមាន LV, Chanel (ឆានេល) និង Hermes (ហ៊ើម៉េស) ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន