ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

យុវតីអូសរទះកង់២ ជូនភ្ញៀវទេសចរក្នុងក្រុង តូក្យូ ប្រទេសជប៉ុនបានទទួលការផ្ដល់តម្លៃ!

២៦ កញ្ញា ២០២៣ | កម្សាន្ដ

 

ធ្លាប់តែជាអាជីពដែលគ្រប់គ្រងដោយបុរស ប៉ុន្តែឥឡូវនេះចំនួនអ្នកអូសរទេះដឹកភ្ញៀវទេសចរជាស្ត្រីនៅទីក្រុងតូក្យូកំពុងកើនឡើង ស្របពេលដែលបណ្ដាញសង្គមចាប់ផ្ដើមផ្ដល់តម្លៃដល់ពួកគេ។

 


លើករ៉ឺម៉កអូសយឺតៗ និងប្រុងប្រយ័ត្នមុនពេលធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងតូក្យូ កញ្ញា Yuka Akimoto (យូកា អាគិម៉ូតុ) បានដឹកភ្ញៀវទេសចរលើរទេះកង់ពីរពណ៌ខ្មៅ ដើម្បីទស្សនា ទេសភាពនៅសង្កាត់ Asakusa (អាសាគូសា) ដែលជាតំបន់ទេសចរណ៍ពេញនិយមបំផុតមួយរបស់ប្រទេសជប៉ុន។

 


ញើសហូរចុះមកលើផ្ទៃមុខខណៈស្ថិតក្រោមពន្លឺថ្ងៃក្ដៅចាំង យុវតី Akimoto (អាគិម៉ូតុ) គឺជាម្នាក់ក្នុងចំណោមអ្នកអូសរទេះស្រីមួយក្តាប់តូចនៅទីក្រុងតូក្យូ ដែលមិនត្រឹមតែនាំអ្នកទេសចរជិះកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយពន្យល់ពួកគេអំពីវប្បធម៌ក្នុងតំបន់ផងដែរ។

 

 

ស្ទើរតែ ៣០% នៃអ្នកអូសរទេះ ៩០នាក់នៅក្រុមហ៊ុន Tokyo Rickshaw ដែលជាក្រុមហ៊ុនយុវតីរូបនេះធ្វើការ ឥឡូវនេះគឺជាស្ត្រី ដោយកើនឡើងពីចំនួន ៤ នាក់ដល់ ២៥ នាក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។

 


ការពិតទៅ យុវតីវ័យ ២២ ឆ្នាំដែលមានកម្ពស់ត្រឹមតែ ១៥៥ សង់ទីម៉ែត្ររូបនេះ ធ្លាប់ទទួលបានការងារនៅ Tokyo Disneyland ប៉ុន្តែការរាតត្បាតជំងឺកូវីដ១៩ក៏បានបំផ្លាញផែនការរបស់នាង។ នាងបានស្វែងរកការងារថ្មីតាមអ៊ិនធឺណិតដោយប្រើ ហើយក៏បានដឹងពីការអូសរទេះ។

 


នៅពេលជាប់ការងារដំបូងៗ នាងបានឆ្លងកាត់ការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់រយៈពេល ៤ ខែ រួមមានការរៀនពីរបៀបទាញរទេះ ដែលអាចមានទម្ងន់រហូតដល់ ២៥០ គីឡូក្រាម។ ប៉ុន្តែឥឡូវនេះ ពោលរយៈពេលពីរឆ្នាំក្រោយមក នាងមានមោទនភាពដែលបានក្លាយជាអ្នកអូសរទេះដ៏ជំនាញ។ សម្រាប់ Akimoto បញ្ហាប្រឈមដ៏ធំបំផុតគឺការផ្លាស់ប្ដូរផ្នត់គំនិតចាស់បុរាណចំពោះស្ត្រី ដែលគិតថាពួកគេទន់ខ្សោយមិនអាចធ្វើការងារនេះបាន។

 


ជារៀងរាល់ថ្ងៃ Akimoto និងអ្នកអូសរទេះទូទៅត្រូវដើរឬរត់ជាមធ្យម ២០ គីឡូម៉ែត្រក្នុងមួយថ្ងៃ មិនថាអាកាសធាតុបែបណាទេ។ បន្ថែមពីលើភាពរឹងមាំ អ្នកទូសរទេះក៏ត្រូវមានចំណេះដឹងទូលំទូលាយអំពីទីក្រុងតូក្យូ មានភាពរួសរាយរាក់ទាក់ ច្បាស់លាស់ និងដឹងពីរបៀបធ្វើដំណើរដោយសុវត្ថិភាពតាមដងផ្លូវដ៏មមាញឹក។

 


ដូចជាអ្នកអូសរទេះជាបុរសដែរ អ្នកអូសរទេះនារីត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើតប្រជាប្រិយភាពរបស់ពួកគេ ខណៈអ្នកអូសរទេះដែលទទួលបានការគាំទ្របំផុតអាចរកចំណូលបានជាង ១លានយ៉េន ឬ ៦៧០០ ដុល្លារ ក្នុងមួយខែ ដែលស្មើនឹង ៣ ដងនៃប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ប្រជាជនជប៉ុន ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025