ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

សិល្បករល្បីៗ ជួបជុំគ្នាក្នុងកម្មវិធីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវជំងឺអេដស៍

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

 

សិល្បករល្បីៗជាច្រើនរូប បានជួបជុំគ្នានៅសណ្ឋាគារប្រណីតមួយក្នុងទីក្រុងកាន ដើម្បីរៃអង្គាសថវិកាដល់ការស្រាវជ្រាវជំងឺអេដស៍សម្រាប់អង្គការ amfAR (អាំហ្វា)។


សិល្បករល្បីៗដូចជាតារារ៉េប Queen Latifah (ឃ្វីន ឡាទីហ្វា) តារាសម្ដែង Jeffrey Wright (ជេហ្វ្រី រ៉ាយ) និងតារាម៉ូដែល Heidi Klum (ហាយឌី ឃ្លូម) បានងាកចេញពីកម្មវិធីមហោស្រពភាពយន្តក្រុងកានមួយយប់ ដើម្បីចូលកម្មវិធីរៃអង្គាសថវិកាសម្រាប់ផ្គត់ផ្គង់ដល់ការស្រាវជ្រាវជំងឺអេដស៍ រៀបចំឡើងនៅសណ្ឋាគារប្រណីតមួយក្នុងទីក្រុងកាន ប្រទេសបារាំង។

 

កម្មវិធីរៃអង្គាសថវិកានេះមានរួមបញ្ចូលការដើរបង្ហាញម៉ូដពិសេស រួមជាមួយពិធីដេញថ្លៃ ហើយក៏មានការសម្ដែងពីសំណាក់តារាចម្រៀងល្បីៗដូចជាតារាចម្រៀង Bebe Rexha (ប៊ីប៊ី រិចសា), Adam Lambert (អាដាម ឡេមបឺត) និងតារាចម្រៀងស្រី Halsey (ហាលស៊ី) ដោយមានតារារ៉េប Queen Latifah (ឃ្វីន ឡាទីហ្វា) ធ្វើជាអ្នកសម្របសម្រួលកម្មវិធី។

 

 

គោលដៅសំខាន់នៃពិធីនេះ គឺដើម្បីរៃអង្គាសថវិកាជួសមុខឲ្យអង្គការ amfAR (អាំហ្វា) ដែលជួយទំនុកបម្រុងដល់ការស្រាវជ្រាវជំងឺអេដស៍ ការទប់ស្កាត់ជំងឺអេដស៍ និងទំនុកបម្រុងដល់ការអប់រំអំពីការព្យាបាល និងការតស៊ូមតិផងដែរ។

 

 

ចំពោះតម្លៃនៃសំបុត្រចូលរួមវិញ មានចាប់ពីទាបបំផុត ២៥០០០ដុល្លារ សម្រាប់ភ្ញៀវម្នាក់ និងឡើងរហូតដល់ ៥០ម៉ឺនដុល្លារ ដែលរ៉ាប់រងសម្រាប់មនុស្ស១២នាក់ ជាមួយការទទួលបានការទទួលទានអាហារលំដាប់លេខមួយ។

 

 

ចាប់តាំងពីឆ្នាំ១៩៨៥មក អង្គការ amfAR (អាំហ្វា) បានវិនិយោគទឹកប្រាក់ជិត ៦០០លានដុល្លារ​ ក្នុងកម្មវិធីរបស់ខ្លួន និងបានជួយផ្គត់ផ្គង់ដល់ក្រុមស្រាវជ្រាវជាង ៣៥០០ក្រុមនៅទូទាំងពិភពលោក៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024