ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ក្ដីស្រមៃតារា TikTok ជាច្រើននឹងត្រូវរលាយសូន្យ បើកម្មវិធីនេះត្រូវបិទនៅអាមេរិក

២៧ មីនា ២០២៣ | កម្សាន្ដ

 

ក្ដីស្រមៃរបស់អ្នកផលិតមាតិកាល្បីៗនៅអាមេរិកលើបណ្ដាញសង្គម TikTok (តិកតុក) អាចនឹងត្រូវរលាយសាបសូន្យ ប្រសិនបើរដ្ឋាភិបាលលោក Joe Biden (ចូ បាយដេន) សម្រេចហាមឃាត់បណ្ដាញសង្គមរបស់ចិនមួយនេះ។នៅពេលដែលទើបតែមានវ័យ១៣ឆ្នាំ ក្មេងស្រី Cassidy Jacobson (ខាសីឌី ចេខប់ស៊ុន) បានបង្ហោះវីដេអូរាំលេងនៅលើបណ្ដាញសង្គម TikTok ។ រយៈពេល៦ឆ្នាំក្រោយមក គណនីរបស់ Cassidy (ខាសីឌី) បានកើនចំនួនអ្នកតាមដានរហូតដល់ ១,៥លាននាក់ ហើយបានធ្វើឲ្យនាងមានក្ដីស្រមៃមួយថាចង់បង្កើតផលិតផលថែរក្សាសក់ជាមួយភាពល្បីល្បាញរបស់ខ្លួន។

 



យ៉ាងណាក្ដី ក្ដីស្រមៃរបស់នាង ក៏ដូចជាក្ដីស្រមៃរបស់អ្នកផលិតមាតិកា TikTok (តិកតុក) ដទៃទៀត ប្រហែលជានឹងត្រូវរលាយ ដោយសារសមាជិកសភាជាច្រើនបានដាក់សម្ពាធដល់រដ្ឋបាលលោក Joe Biden (ចូ បាយដេន) ឱ្យហាមឃាត់បណ្ដាញសង្គមដ៏ពេញនិយមនេះ ដោយចោទប្រកាន់ថាកម្មវិធីនេះអាចត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលទិន្នន័យ ការត្រួតពិនិត្យខ្លឹមសារ និងប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារ។ខណៈពេលនេះដែរ Cassidy (ខាសីឌី) កំពុងតែត្រៀមយកមាតិកាដែលខ្លួនបានផលិតទៅដាក់លើបណ្ដាញសង្គមផ្សេង ប្រសិនបើ TikTok ពិតជាត្រូវហាមឃាត់នៅសហរដ្ឋអាមេរិកមែន។

 


គួររំឭកថានៅក្នុងសវនាការដ៏តានតឹងកាលពីសប្ដាហ៍កន្លងទៅ នាយកប្រតិបត្តិ TikTok (តិកតុក) លោក Shou Zi Chew (ហ្សូ ស៊ី ឈូ) បានប្រឈមមុខនឹងសំណួរដ៏តឹងតែងជាច្រើនពីសមាជិកសភា ខណៈដែលនាយកស្រាវជ្រាវមួយរូបបានលើកឡើងថា មានជម្រើសសមគួរដទៃទៀតដែលគួរអនុវត្តន៍ ជាជាងការបិទកម្មវិធីនេះទាំងស្រុង។

 



អ្នកផលិតមាតិកា TikTok (តិកតុក) ម្នាក់មានគណនីឈ្មោះ NaomiHearts (ណាអូមីហាតស៍) បានលើកឡើងថា ប្រសិនបើការហាមឃាត់ពិតជាកើតមានមែន នាងនឹងអស់ជំនឿលើប្រធានាធិបតី  Joe Biden (ចូ បាយដេន) ដែលនាងបានបោះឆ្នោតជូនក្នុងឆ្នាំ២០២០។ Naomi (ណាអូមី) ថា នាងមានការស្ទាក់ស្ទើរបន្តិចក្នុងការផ្លាស់ប្តូរទៅកាន់បណ្ដាញសង្គមផ្សេង ដោយសារតែ TikTok បានផ្តល់ជាឱកាសដែលនាងមិនអាចរកបាននៅកន្លែងផ្សេង។លើសពីប្រជាប្រិយភាព និងចំនួនអ្នកគាំទ្រ អ្នកគាំទ្របណ្ដាញសង្គម TikTok ជឿថាវាផ្តល់នូវការចិញ្ចឹមជីវិត និងជាផ្លូវទៅកាន់ការផ្លាស់ប្តូរសង្គមជាដើម៕

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024