ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
បាទ! ទូរទស្សនិកជនជាទីគោរព! នៅថ្ងៃនេះ ក្រុមការងារសេដ្ឋកិច្ចរបស់ភីអិនអិន មានដំណើរទស្សនកិច្ចពិសេសមួយទៅកាន់ Emirates Flight Catering ដែលជាកន្លែងផ្តល់សេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈធំជាងគេលើពិភពលោក សម្រាប់វិស័យអាកាសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។
នាសប្តាហ៍ទី ៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន បានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងបានចូលរួមដំណើរទស្សនកិច្ចពិសេសទៅកាន់ Emirates Flight Catering (ហៅកាត់ថា EKFC) ដែលជាកន្លែងផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ និងភេសជ្ជៈដ៏ធំបំផុតមួយ លាតសន្ធឹងលើផ្ទៃដីជាង ១៦ម៉ឺនម៉ែត្រការ៉េ និងមានសមត្ថភាពផលិតអាហារ ២សែន ២ម៉ឺន ៧ពាន់ប្រអប់ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ ក្រុមហ៊ុនអាកាសចរណ៍ Emirates, ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ និងកន្លែងសម្រាករង់ចាំ (Airport Lounge) ជាង ១០០កន្លែងផ្សេងទៀត។
នៅក្នុងដំណើរទស្សនកិច្ចមួយនេះ ក្រុមការងារភីអិនអិន បានឃើញនូវ ទិដ្ឋភាពជាក់ស្តែងនៃ ខ្សែសង្វាក់ផលិតកម្មចំណីអាហារដ៏អស្ចារ្យរបស់ EKFC ដែលរួមមាន ការរៀបចំទុកដាក់គ្រឿងផ្សំ និងវត្ថុធាតុដើមសម្រាប់ផលិតអាហារ, ការប្រកាន់ខ្ជាប់នូវស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់បុគ្គលិក, ការចម្អិនរបស់ចុងភៅ ដែលពោរពេញទៅដោយបទពិសោធន៍ និងការយកចិត្តទុកដាក់, ការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការចម្អិន ជាពិសេសការដឹកជញ្ជូនអាហារទៅកាន់ ព្រលានយន្តហោះ និងគោលដៅសំខាន់ៗផ្សេងទៀត។
លោក RURY KOSWARA មេចុងភៅផ្នែកនំ និងនំប៉័ង ដែលបម្រើការជាង ៧ឆ្នាំនៅ EKFC បានគូសរំលេចប្រាប់ដល់ក្រុមកាងារភីអិនអិនថា នៅទីនេះ មានបុគ្គលិកសរុបប្រមាណ ១ម៉ឺន ២ពាន់នាក់ កំពុងបម្រើការងារ ដោយក្នុងនោះមានចុងភៅជំនាញ ២ពាន់ ៤រយនាក់ បាននិងកំពុងចម្អិនអាហារជាង ២២ម៉ឺនប្រអប់ក្នុងមួយថ្ងៃ និងចម្អិនជារៀងរាល់ថ្ងៃ ដើម្បីបម្រើដល់អ្នកដំណើរគ្រប់ប្រភេទទាំង Economy Class, Premium Economy Class, Business Class, First Class និងនៅតាមកន្លែងសម្រាករង់ចាំជាដើម។
មេចុងភៅ RURY KOSWARA ក៏បានបន្ថែមទៀតថា ការចម្អិនម្ហូបអាហាររបស់ EKFC មានការផ្លាស់ប្តូរម៉ឺនុយមុខម្ហូបជារៀងរាល់ត្រីមាស និងមានការបត់បែនមុខម្ហូប ទៅតាមជើងហោះហើរទៅកាន់តំបន់ផ្សេងៗគ្នា ធ្វើយ៉ាងណាឱ្យម្ហូបអាហារមានរសជាតិឆ្ងាញ់ ដែលអាចបំពេញតម្រូវការ និងការពេញចិត្តរបស់អ្នកដំណើរ។សូមជម្រាបថា Emirates Flight Catering ស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Emirates Group និងកំពុងបម្រើសេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលមានប្រតិបត្តិការនៅព្រលានយន្តហោះអន្តរជាតិឌូបៃ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ងួន សុភ័ត្រ្តា + សន រដ្ឋា + ឯកសារ