ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
កសិករ និងអ្នកជំនាញកសិកម្ម បានលើកឡើងថា មុខរបរដាំបន្លែរបស់កសិករនៅតាមបណ្តាខេត្តក្នុងរាជធានីភ្នំពេញ នឹងជួយជំរុញជីវភាពរស់នៅរបស់កសិករឲ្យមានភាពល្អប្រសើរ កាត់បន្ថយការនាំចូល និងបំពេញតម្រូវការក្នុងស្រុក លើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ងាកមកគាំទ្រនូវបន្លែ ដែលដាំតាមស្តង់ដារសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមី។ បន្លែ និងផ្លែឈើត្រូវបាននាំចូលពីបរទេសយ៉ាងច្រើន ត្រូវបានគេសង្កេតឃើញថា ចរាចរដាក់លក់នៅលើទីផ្សារនានានៅក្នុងប្រទេសកម្ពុជា។
ការហូរចូលបន្លែផ្លែឈើពីបរទេសយ៉ាងច្រើននេះ គឺដោយសារតែផលិតផលទាំងនោះភាគច្រើនមានតម្លៃទាបជាងផលិតផលក្នុងស្រុក គួបផ្សំការផ្គត់ផ្គង់ក្នុងស្រុក មិនមានស្ថិរភាពតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ តើលំហូរចូលនូវបន្លែពីប្រទេសជិតខាងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អាចនឹងប៉ះពាល់ដល់អ្នកផលិតបន្លែក្នុងស្រុក ដែរឬទេ?ការគាំទ្រផលិតផលបន្លែ និងសាច់ ដែលជាផលិតផលក្នុងស្រុក នឹងចូលរួមកាត់បន្ថយកង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី កាត់បន្ថយជំងឺមហារីក និងជួយដល់សេដ្ឋកិច្ចកសិករក្នុងស្រុក ព្រោះបន្លែក្នុងស្រុកភាគច្រើន ត្រូវបានដាំដុះដោយមិនប្រើប្រាស់សារធាតុគីមី និងដាំតាមស្តង់ដារសុវត្ថិភាព ខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានា បាននឹងកំពុងលើកទឹកចិត្ត និងបណ្តុះបណ្តាលកសិករឱ្យបង្កើនការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព សម្រាប់បំពេញតម្រូវការក្នុងស្រុក។
កសិករ មេត សាវត់ រស់នៅភូមិពាកស្ពារ ឃ្មុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ជាកសិករដាំបន្លែចម្រុះ មានដូចជា ម្ទេស ប៉េងប៉ោះឈើរី ននោង និងត្រប់ជាដើម បានលើកឡើងថា ស្ថានភាពដាំបន្លែរបស់កសិករនៅខេត្តសៀមរាប ទទួលបានទិន្នផលកើនជាងឆ្នាំមុន ក៏ប៉ុន្តែតម្លៃថយចុះជាងឆ្នាំទៅ។ កសិករ មេត សាវត់ បានបន្តថា គ្រួសារគាត់បានចំណាយថវិការច្រើនគួរសមក្នុងការធ្វើបន្លែនេះ ដែលមានរយៈពេល ៣ឆ្នាំមកហើយ ដាំលើទំហំដីប្រមាណ ៣ហិកតា ក្នុង១ថ្ងៃ បេះបាន ៥០០គីឡូ ស្មើនឹងទឹកប្រាក់ ២០ម៉ឺនរៀល ផ្គត់ផ្គង់សម្រាប់ទីផ្សារកំពង់ធំ និងសៀមរាបផ្ទាល់តែម្តង។
កសិករ មេត សាវត់ បានបន្ថែមថា កសិករមិនចង់ឲ្យមានការនាំចូលបន្លែពីប្រទេសជិតខាងឡើយ តែប្រសិនជាមានការកាត់បន្ថយក្នុងការនាំចូលបន្លែ កសិកររូបនេះ មានក្តីសប្បាយរីករាយ ព្រោះក្នុងនាមជាកសិករអាចពង្រីកខ្លួនកាន់តែធំជាងមុនចូលទីផ្សារកម្ពុជា និងកាត់បន្ថយការចំណាក់ស្រុក ជាដើម។ ជុំវិញរឿងនេះ លោក ទួត សេងហ័ង ជាអ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៃគម្រោងស៊ីស្មាត អង្គការ អាយ ឌី អ៊ី បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន តាមរយះទូរស័ព្ទដៃថា ចំពោះកសិករដាំបន្លែចម្រុះជាអាជីវកម្ម មានដូចជា ត្រសក់ ម្ទេស ត្រប់ ននោង ត្រឡាច ជាដើម ពួកគាត់នៅតែបន្តដាំដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងភ្នំពេញ ១០០% បើទោះបីជាពួកគាត់ជួបបញ្ហាប្រឈម ទាក់ទងទៅនឹងស្ថានភាពតម្លៃ ឬបញ្ហាទីផ្សារយ៉ាងណាក៏ដោយ។
អ្នកជំនាញរូបនេះ បានបន្តលើកចិត្តឱ្យកសិករ បង្កើនការដាំបន្លែសុវត្ថិភាពសម្រាប់បំពេញតម្រូវការឱ្យបានច្រើន នឹងជំរុញឲ្យអ្នកប្រើប្រាស់ងាកមកគាំទ្រនូវបន្លែ ដែលដាំតាមស្តង់ដារសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមី។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» យ៉ាងដូច្នេះថា សមត្ថកិច្ចគយ បានធ្វើការត្រួតពិនិត្យរកឃើញបន្លែ និងសាច់ ដែលនាំចូលពីប្រទេសជិតខាងមួយចំនួនបានប្រើប្រាស់សារធាតុគីមី។
ដើម្បីថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ គឺសមត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធ មានក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អគ្គនាយគយ រដ្ឋករ និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យឲ្យបានតឹងរឹងនូវការនាំចូលបន្លែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗឲ្យបានម៉ត់ចត់លើកិច្ចការងារនេះ។សម្តេចមហាបវរធិបតី បានបន្ថែមថា ការត្រួតពិនិត្យលើគុណភាពបន្លែ សាច់ដែលនាំចូលនេះ ដើម្បីធ្វើការកាត់បន្ថយនៃហានិភ័យនៃជំងឺមហារីក កង្វះអាហាររូបបត្ថម្ភ និងស្នើឲ្យក្រសួងសុខាភិបាល មន្ទីសុខាភិបាលជួយផ្សព្វផ្សាយដោយធ្វើការសហការជាមួយក្រសួងអប់រំ ធ្វើការផ្សព្វផ្សាយតាមសាលារៀន ដើម្បីសិស្សានុសិស្សយល់ពីវិធីបង្ការ ក្នុងការជៀសវាងបរិភោគ ឬធ្វើសកម្មភាពណាមួយដែលបង្កើនឲ្យមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីក។
ជាមួយគ្នានេះ លោក ទួត សេងហ័ង ជាអ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៃគម្រោងស៊ីស្មាត អង្គការ អាយ ឌី អ៊ី បានសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល គឺជាយន្តការដ៏ល្អក្នុងការត្រួតពិនិត្យ ឬកាត់បន្ថយក្នុងការហូរចូលបន្លែពីប្រទេសជិតខាង ក្នុងន័យនេះ អាចជាការបើកឳកាសសម្រាប់អ្នកផលិតក្នុងស្រុក អាចមានលិទ្ធភាពពង្រីកខ្លួនកាន់តែធំចូលទីផ្សារ នឹងអាចផ្គត់ផ្គង់ទៅតាមតម្រូវការ សម្រាប់ប្រទេសកម្ពុជា។
លោក ទួត សេងហ័ង បានបន្ថែមថា វិធានការពង្រឹងសន្តិសុខស្បៀងក្នុងប្រទេស និងជំរុញការនាំចេញរបស់រដ្ឋាភិបាល ជួយលើកកម្ពស់សកម្មភាពដាំដុះ ក្នុងវិស័យកសិកម្មនៅកម្ពុជាបានមួយកម្រិត។ ការដាំដុះបន្លែដែលស្ថិតនៅក្នុងឆ្នាំ២០២៤ មានការធ្លាក់ចុះ ២០% ដោយសារតែបញ្ហាអាកាសធាតុដែលធ្វើឲ្យដំណាំរបស់ប្រជាកសិករមិនសូវទទួលបានផលល្អ។លោក ទួត សេងហ័ង បានបន្តថា រយះពេល ៥ឆ្នាំមកនេះ សមត្ថភាពផលិតបន្លែរបស់កសិករដើម្បីផ្គត់ផ្គង់ទៅតម្រូវការទីផ្សារមានការកើនឡើងគួរអោយកត់សំគាល់ ដោយសារតែមានការកើនឡើងចំនួនអ្នកដាំដុះ បន្លែជាលក្ខណៈអាជីវកម្ម កសិករគាត់ចេះដាំតាមបច្ចេកទេស និងអាចដាំដំណាំបានច្រើនមុខ និងច្រើនរដូវដោយជោគជ័យ។ ក្នុងនោះ កសិករភាគច្រើនដែលដាំដុះបន្លែ ផ្លែឈើ មាននៅខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ ជ្រើសរើសដាំបន្លែទូរទៅមានដូចជា ត្រសក់ ម្រះ ប៉េះបោះ ឪឡឹក ត្រសក់ស្រូវ សណ្តែក ស្ពៃ និងត្រកួន ជាច្រើនមុខផ្សេងទៀត។
ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។សូមជម្រាបថា កម្ពុជាមិនអាចបិទមិនឱ្យមានការនាំចូលកសិផលពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជានោះទេ ដ្បិតថា លំហូរនាំចេញនាំចូលនូវបន្លែផ្លែឈើ គឺជាលំហូរពាណិជ្ជកម្មសេរី ដោយកម្ពុជាក៏ត្រូវនាំចេញទៅកាន់ប្រទេសផ្សេងៗដូចគ្នាផងដែរ។ យ៉ាងណាក៏ដោយ កម្ពុជានឹងរឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុគីមីហាមឃាត់ឱ្យបានត្រឹមត្រូវ មុននឹងឱ្យកសិផលទាំងនោះហូរចូលមកកម្ពុជា។ ម្យ៉ាងទៀតកម្ពុជា មិនអាចបិទការនាំចូលពីទីផ្សារខាងក្រៅ ទាំងដែលកម្ពុជាមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងផងដែរ៕
អត្ថបទ៖ ថុន សុកកេតុមាលា រូបភាព៖ ឯកសារ