ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នឹងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួច ទៅកាន់ទីផ្សារក្រៅប្រទេស បានកាន់តែច្រើន តាមរយៈការផ្គត់ផ្គង់ស្វាយចន្ទីដល់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីដំណើរការរោងចក្រកែច្នៃស្វាយចន្ទី របស់ក្រុហ៊ុន MIRARTH Agritech ដែលកំពុងវិនិយោគធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី នាំចេញដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ ហើយដំណាំស្វាយចន្ទីក៏មានសក្តានុពលខ្ពស់ ដែលអាចធ្វើការកែច្នៃបាននៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃផលិតកម្ម ដូចជាការកែច្នៃសំបកគ្រាប់ស្វាយចន្ទីធ្វើជាជីវឥន្ធនៈគ្រឿងសំអាង និងសូម្បីតែមែកដើមស្វាយចន្ទី ក៏អាចផលិតជាថាមពលបានផងដែរ ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំ អាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ ខណៈរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នឹងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារក្រៅប្រទេស បានកាន់តែច្រើនតាមរយៈផ្គត់ផ្គង់ស្វាយចន្ទី ដល់ទីផ្សាក្នុងស្រុក តំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រមទាំងសហគមន៍ទំនើបទាំង៣ ស្ថិតក្នុងខេត្តកំពង់ធំ។ លើសពីនេះ ក្រុមហ៊ុនកំពុងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន ៦តោន ក្នុង ១ថ្ងៃ (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអឺរ៉ុប។ ហើយ ក្រុមហ៊ុនគ្រោង នឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង ២ម៉ឺនតោន ក្នុង ១ឆ្នាំ នាពេលខាងមុខផងដែរ។
ជាចុងក្រោយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី ពីសហគមន៍ និងប្រជាកសិករ ក្នុងការចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់ នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបាន ចំណូលជាង ១ពាន់លានដុល្លារ កើនឡើង ២៦,១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាម ទិន្នន័យដែលកត់ត្រាដោយ សមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ