ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥

អ្នកបុរាណវិទ្យាស៊ុយអែតកំពុងស្វែងយល់អំពីសារធាតុដែកដែលស្រង់បានពីកប៉ាល់លិចសតវត្សទី១៦

១២ ឧសភា ២០២៥ | កម្សាន្ដ

ក្រុមអ្នកបុរាណវិទ្យានៅប្រទេសស៊ុយអែតកំពុងសិក្សាស្រាវជ្រាវទៅលើរបកគំហើញដ៏កម្រមួយដែលបន្សល់ទុកនៅក្នុងខ្មោចកប៉ាល់លិចតាំងពីសតវត្សទី១៦ ហើយដែលទើបតែនឹងស្រង់បានមកវិញនៅក្បែរទីក្រុងស្តក់ហូម (Stockholm)។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថារបកគំហើញថ្មីនេះអាចឆ្លុះបញ្ចាំងពីប្រវត្តិធ្វើជំនួញ និងវិស័យឧស្សាហកម្មនៅតំបន់បាល់ទិច (Baltic) និងស៊ុយអែតនៅសម័យនោះ។ កាលពីខែឧសភា ឆ្នាំ២០២៤ គេរកឃើញធុងឈើផ្ទុកដែកពេញនៅក្នុងនោះដែលគេហៅថាអូស្មុន (osmond) ឬរ៉ែដែកសម្រាប់ផលិតជាឧបករណ៍ផ្សេងៗ។

 

 

 

ធុងនេះត្រូវគេស្រង់ចេញពីខ្មោចកប៉ាល់លិចដល់បាតសមុទ្រដាឡារ៉ូ (Dalaro) នៃប្រជុំកោះស្តក់ហូម។ អូស្មុនជាដែក១ប្រភេទដែលគេឃើញមាននៅក្នុងផលិតផលទី១របស់ពួកអឺរ៉ុបសម្រាប់ផលិតរបស់ប្រណីតនៅស៊ុយអែត។ ដោយសាររក្សាគុណភាពបានល្អទោះបីលិចទៅបាតសមុទ្រជាច្រើនរយឆ្នាំហើយក្ដី ដែកនេះជួយឲ្យក្រុមអ្នកបុរាណវិទ្យាសិក្សាស្វែងយល់កាន់តែច្បាស់អំពីដែកប្រភេទអូស្មុន។

 

 

 

កាលនោះដែកនេះជាទំនិញនាំចេញដ៏សំខាន់របស់ស៊ុយអែត។ លោកជីម.ហេនសុន (Jim Hansson) ជាអ្នកបុរាណវិទ្យាបាតសមុទ្រ និងជាប្រធានគម្រោងស្រាវជ្រាវនៅសារមន្ទីរទីក្រុងស្តុកហូមប្រាប់ថាយើងនឹងវិភាគទៅលើចំណុចជាច្រើនព្រោះនេះជាលើកដំបូងបង្អស់ដែលយើងទើបតែប្រទះឃើញនៅក្នុងសម័យទំនើប។ ចាប់តាំងពីស្រង់ចេញពីបាតសមុទ្រ គេបានរក្សាទុកដែកនេះនៅក្នុងទឹកសាបដើម្បីរក្សាគុណភាពរបស់វា។

 

 

 

លោកហេនសុនយល់ថានេះជារបកគំហើញដ៏សំខាន់ណាស់ព្រោះចាប់ពីពេលនេះតទៅ យើងអាចចាប់ផ្ដើមសិក្សាស្វែងយល់ថាតើស៊ុយអែតបានកែលម្អ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួនយ៉ាងដូចម្ដេច។ ដោយសារខ្មោចកប៉ាល់ និងរបស់របរនៅក្នុងនោះលិចទៅបាតសមុទ្រអស់ជាយូរ ប៉ុន្តែអាចរក្សាគុណភាពបានល្អកម្រិតនេះ លោកអាចនិយាយបានថាវាជាកប៉ាល់ដ៏ល្អផ្ដាច់គេកាលពីឆ្នាំ១៥៥០ប្លាយ។ ខ្មោចកប៉ាល់នេះត្រូវគេរកឃើញជាលើកដំបូងកាលពីឆ្នាំ២០១៧។ ធុងឈើនោះត្រូវគេស្រង់ពីក្នុងទឹកក្រោមកិច្ចសហការរវាងសារមន្ទីរ និងសមាគមអ្នកផលិតដែកនៃប្រទេសស៊ុយអែត៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025