ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
សំពត់សូត្រមួយផ្ទាំងដែលមានអាយុកាលជាង២ពាន់ឆ្នាំមកហើយត្រូវបានតាំងបង្ហាញជាលើកដំបូងនៅក្នុងសារមន្ទីរមួយនៅក្នុងទីក្រុងនៃខេត្តហ៊ូណាននៅភាគកណ្ដាលប្រទេសចិន។
កាលពីពេលថ្មីៗនេះ សារមន្ទីរមួយនៅក្នុងទីក្រុងឆាងសា (Changsha) នៅខេត្តហ៊ូណានបានតាំងបង្ហាញជាលើកដំបូងនូវសំពត់សូត្របុរាណមួយផ្ទាំងដែលគេហៅថា«សំពត់ប៉ាក់អាយុវែង»បានជីករកឃើញនៅក្នុងផ្នូរបុរាណមួយដែលមានអាយុកាល២១០០ឆ្នាំនៅលើជើងភ្នំម៉ាវ៉ាងទួយ (Mawangdui) នៅជាយទីក្រុងឆាងសានៅភាគកណ្ដាលប្រទេសចិន។
ជើងភ្នំម៉ាវ៉ាងទួយគឺជាកន្លែងបញ្ចុះសពរបស់ស្ដេចតៃ (Dai) នៅក្នុងរាជវង្សហាននៅចន្លោះឆ្នាំ២០២មុនគ្រឹស្តសករាជ ដល់ឆ្នាំ២២០នៃគ្រឹស្តសករាជព្រមទាំងព្រះអគ្គមហេសី និងព្រះរាជបុត្ររបស់ស្ដេចអង្គនេះផងដែរ។
សំពត់សូត្របុរាណនេះបានរកឃើញនៅក្នុងទម្រង់នៅល្អភាគច្រើនដោយមានការធ្លុះធ្លាយបន្តិចបន្តួចប៉ុណ្ណោះ ហើយសំពត់សូត្រនេះមានបណ្ដោយប្រវែង១៥២សង់ទីម៉ែត្រ និងទទឹងប្រវែង១០៦សង់ទី ម៉ែត្រ។ ចំណែករូបប៉ាក់នៅលើសំពត់សូត្រនេះបានជាប់យូរបំផុត ហើយវាក៏តំណាងឱ្យដើមសម័យកាលនៃរាជវង្សហានផងដែរ។
លោកស្រី យូ យ៉ានជីវ (Yu Yanjiao) អ្នកស្រាវជ្រាវនៅសារមន្ទីរខេត្តហ៊ូណានបាននិយាយថា រូបប៉ាក់នេះក៏បានរំលេចដោយរូបបក្សីមួយបំពាក់ដោយមកុដលើក្បាលដែលមើលទៅដូចជាឥន្ទ្រីយទេពដ៏មានអំណាច ហើយនៅជុំវិញឥន្ទ្រីយទេពនេះមានពពករាងរំយោលជាច្រើនស្រដៀងនឹងកន្ទុយរបស់បក្សីដែលមានអាយុវែងអីចឹងដូច្នេះហើយទើបបានជាគេហៅសំពត់សូត្រនេះថាជា«សំពត់ប៉ាក់មានអាយុវែង»៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន