ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
កំពូលតារាសម្ដែងអាមេរិក Tom Cruise បានធ្វើដំណើរទៅជួបអ្នកគាំទ្រដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដើម្បីផ្សព្វផ្សាយភាពយន្តចុងក្រោយរបស់ខ្លួនគឺរឿង “Mission: Impossible – The Final Reckoning”។
ក្រុមអ្នកគាំទ្រតារាសម្ដែង Tom Cruise ក្នុងប្រទេសកូរ៉េខាងត្បូងបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់វត្តមានរបស់កំពូលតារាសម្ដែងរូបនេះមកកាន់ទឹកដីទីក្រុងសេអ៊ូល សម្រាប់កម្មវិធីសម្ពោធភាពយន្ត “Mission: Impossible” វគ្គ៨ ដែលបានរៀបចំឡើងកាលពីចុងសប្ដាហ៍កន្លងទៅ។
ឡើងមកលើឆាក Tom Cruise បានស្វាគមន៍អ្នកគាំទ្រដោយពាក្យ "Saranghaeyo" ដែលមានន័យថា "ខ្ញុំស្រលាញ់អ្នក" ជាភាសាកូរ៉េ និងបានថ្លែងអំណរគុណដល់គ្រប់គ្នាដែលបានបង្ហាញខ្លួនក្នុងកម្មវិធី។ លោកបន្តថា ខណៈពេលដែលលោកនិងក្រុមការងារកំពុងផលិតខ្សែភាពយន្ត លោកមានក្ដីសុបិនចង់នាំយករឿងនេះមកជូនអ្នកគាំទ្រនៅកូរ៉េ ហើយលោកសូមអរគុណវត្តមានអ្នកគាំទ្រដែលបានធ្វើឱ្យកម្មវិធីនេះកាន់តែពិសេស។
គួរបញ្ជាក់ថា ក្នុងភាពយន្ត "Mission: Impossible វគ្គ The Final Reckoning" តារាសម្ដែង Tom Cruise មិនត្រឹមតែវិលត្រលប់មកកាន់តំណែងតួឯក ប៉ុន្តែក៏មានតួនាទីជាផលិតករឈុតឆាក Action ផងដែរ។
វគ្គទី៨ និងជាវគ្គចុងក្រោយនៃស៊េរីភាពយន្តបេសកកម្មផ្សងគ្រោះថ្នាក់មួយនេះ នឹងបង្ហាញនូវឈុតឆាកគួរឱ្យស្រៀវសាច់ជាច្រើនរបស់តួអង្គកំពូលអ្នកស៊ើបអង្កេត Ethan Hunt (អ៊ីថាន់ ហាន់) ដែលសម្ដែងដោយ Tom Cruise ហើយក៏មានការវិលត្រលប់មកវិញរបស់តួសម្ដែងពីវគ្គមុនៗរួមមានតារាសម្ដែង Angela Bassett (អេនជេឡា បាសេត), Hayley Atwell (ហេឡេ អាតវេល) និង Simon Pegg (សាយមិន ផេក)។
បន្ទាប់ពីកម្មវិធីផ្សព្វផ្សាយនៅកូរ៉េខាងត្បូង ភាពយន្ត " Mission: Impossible វគ្គ The Final Reckoning" នឹងត្រូវបញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាននៅថ្ងៃទី ១៤ ខែឧសភា មុនចេញបញ្ចាំងជាផ្លូវការសម្រាប់ទស្សនិកជនទូទាំងពិភពលោកចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ ៕
ប្រែសម្រួល៖ វ៉ាន់ថន