ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សមាគមអ្នកចិញ្ចឹមសត្វ កំពុងបារម្ភអំពីស្ថានភាពវិស័យចិញ្ចឹមជ្រូក នៅកម្ពុជា

២៤ មីនា ២០២៣ | ព័ត៌មានជាតិ


កត្តាសំខាន់ៗមួយចំនួន ដូចជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកំណើនលឿនលើសសេចក្តីត្រូវការ ជាដើម ធ្វើឱ្យអ្នកចិញ្ចឹមជ្រូក នៅកម្ពុជា ខាតបង់ប្រមាណជា ៥០ដុល្លារ ក្នុង ១ ក្បាល។ ប៉ុន្តែពេលនេះ ត្រូវគេបារម្ភថា កម្ពុជា នឹងខ្វះជ្រូកនៅពេលខាងមុខនេះ ដោយសារតែកសិករខាតបង់ និងបានបោះបង់ការចិញ្ចឹមជ្រូក។


បច្ចុប្បន្ននេះ ជ្រូករស់លក់បានតម្លៃត្រឹមតែ ៨០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម គឺជាតម្លៃធ្លាក់ដល់ក្រោមថ្លៃដើមចិញ្ចឹម ពោលគឺបានធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ប្រមាណជា ៥០ដុល្លារ សម្រាប់ជ្រូកមួយក្បាល ។ ការខាតបង់នេះ ដោយសារកត្តាមួយចំនួន ដូចជាវត្ថុធាតុដើមគឺចំណីជាដើម បានឡើងថ្លៃ រួមផ្សំនឹងវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យតម្លៃជ្រូកនៅលើទីផ្សារធ្លាក់ចុះ ។ នេះគឺជាការពន្យល់របស់លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ។

 


ស្ថានភាពវិស័យចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះ ញ៉ាំងឱ្យលោក ស៊្រុន ពៅ មានក្តីបារម្ភ ២ យ៉ាងគឺ ទី១ វានឹងធ្វើឱ្យកសិករបោះបង់ចោលនូវមុរបរចិញ្ចឹមជ្រូក ដោយសារពួកគាត់ខាតចុងខាតដើម ។ ប៉ុន្តែទី២ លោក ស្រ៊ុន ពៅ បន្តថា អ្វីដែលបារម្ភបំផុតនោះ គឺនៅថ្ងៃខាងមុខដ៏ខ្លីនេះ នៅពេលទីផ្សារដើរឡើងវិញ កម្ពុជា នឹងខ្វះជ្រូកបំពេញតម្រូវការទីផ្សារ ប៉ះពាល់ដល់វិស័យស្បៀងក្នុងប្រទេស ក៏គឺដោយសារតែកសិករចិញ្ចឹមខាត  ទើបឈប់ចិញ្ចឹមនោះដែរ ។

 


វិស័យចិញ្ចឹមជ្រូកបានដើរមកដល់ស្ថានភាពបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថាដោយសារកត្តាសំខាន់ៗខ្លះដូចជា ការចិញ្ចឹមជ្រូកនៅកម្ពុជាមានចំនួនច្រើនក្នុងពេលជាមួយគ្នាលើសតម្រូវការ ហើយកម្ពុជា ដែលកន្លងមកធ្លាប់តែនាំជ្រូកចូលពីប្រទេសជាតិខាងរាប់ពាន់ក្បាលក្នុងមួយថ្ងៃៗនោះ រយៈពេលប្រមាណជា ១ ឆ្នាំចុងក្រោយនេះ បានក្លាយទៅជាអ្នកនាំជ្រូកចេញទៅប្រទេសជិតខាងទៅវិញ ។ ទោះយ៉ាងណា ការនាំចេញនៅមានចំនួនតិចតួចប៉ុណ្ណោះ គឺមិនទាន់ឆ្លើយតបទៅនឹងកំណើន នៃវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា នៅឡើយទេ ។

 


និយាយអំពីតម្រូវការនៅក្នុងប្រទេសឯណេះវិញ ស្ថានភាពសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យតម្រូវការជ្រូកនៅកម្ពុជា បានធ្លាក់ចុះពីប្រមាណជា ៧ ពាន់ ទៅ៨ ពាន់ ក្បាលក្នុងមួយថ្ងៃ មកនៅត្រឹមតែ ៦ពាន់ទៅ ៧ពាន់ក្បាល ប៉ុណ្ណោះ ពោលគឺបាត់អស់ ២០-៣០ភាគរយ ។ ការធ្លាក់ចុះតម្រូវការក្នុងប្រទេសនេះ មួយផ្នែកក៏បណ្តាលមកពីការនាំចូលសាច់បង្កកពីប្រទេសជិតខាង ដែលសាច់បង្កកខ្លះ នាំចូលដោយគ្មានការត្រួតពិនិត្យ ពោលគឺនាំចូលដោយខុសច្បាប់ បើទោះបីជាស្ថាប័នពាក់ព័ន្ធបានទប់ស្កាត់ជាបន្តបន្ទាប់ក៏ដោយ ។

 


អ្វីដែលលោក ស៊្រុន ពៅ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយក្នុងវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា មិនចង់ឃើញ គឺពេលដ៏ខ្លីខាងមុខ នៅពេលតម្លៃជ្រូកបានល្អឡើងវិញនោះ កម្ពុជា នឹងខ្វះជ្រូក ហើយត្រូវនាំជ្រូកចូលពីប្រទេសជិតខាងដូចពីកាលមុន ។ ហេតុនេះ លោក ស្រ៊ុន ពៅ បានផ្ញើសារថា ចំពោះអ្នកដែលអាចទប់ទល់បាន ក៏សូមតស៊ូបន្តទៅទៀត ដ្បិតគេជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងរកបានដំណោះស្រាយក្នុងពេលឆាប់ៗនេះ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024