ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ ជួយធានាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

២២ មីនា ២០២៣ | សេដ្ឋកិច្ច

 

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា អះអាងថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជា សំខាន់ណាស់ ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅ ខណៈកម្រិតដុល្លារូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់គោលនយោបាយរូបិយវត្ថុផងដែរ។

 

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ប្រាក់រៀល ពិតជារួមចំណែកដោយផ្ទាល់ និងប្រយោល ដល់កិច្ចការពារនិងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។


លើសពីនេះ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ កាន់តែមានប្រសិទ្ធភាព ពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែម ដល់សេដ្ឋកិច្ចដែលអាចមានឥទិ្ធពលលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

 


ជាក់ស្តែង បទពិសោធន៍ពីវិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ធនាគារកណ្តាលនៃបណ្ដាប្រទេសភាគច្រើន ដែលមានឯករាជ្យផ្នែករូបិយវត្ថុ បានអនុវត្តនយោបាយរូបិយវត្ថុយ៉ាងសកម្ម តាមរយៈការកាត់បន្ថយអត្រាការប្រាក់គោល និងកម្មវិធីចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងទីផ្សារ ដែលបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញបានឆាប់រហ័ស។

 


លោកជំទាវបណ្ឌិត បន្ថែមថា ចំពោះកម្រិតដុល្លាររូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់គោលនយោបាយរូបិយវត្ថុ ដោយសារធនាគារជាតិនៃកម្ពុជា មានឥទ្ធិពលតែលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ ខណៈដែលប្រាក់ដុល្លារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិក។

 


កត្តាទាំងនេះបានបញ្ជាក់ថា ការប្រើប្រាស់រូបិយវត្ថុជាតិនៅក្នុងសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ ដើម្បីរួមចំណែករក្សាស្ថិរភាពមាំក្រូសេដ្ឋកិច្ច និងកាត់បន្ថយ ផលប៉ះពាល់ពីវិបត្តិខាងក្រៅ។

 


សូមជម្រាបថា ការប្រើប្រាស់រូបិយវត្ថុជាតិ ក៏អាចជួយធ្វើឱ្យវិស័យក្រៅប្រទេសមានភាពប្រសើរ និងធន់ទៅនឹងការប៉ះទង្គិចនានា តាមរយៈការគ្រប់គ្រងលើអត្រាប្តូរប្រាក់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ ឬកាត់បន្ថយការនាំចូល ដែលអាចជួយឱ្យគណនីចរន្ត និងជញ្ជីងពាណិជ្ជកម្មមានអតិរេក និងគាំទ្រដល់ការកៀងគរទុនបម្រុងអន្តរជាតិឱ្យបានរឹងមាំ។

 


ជាចុងក្រោយ លោកជំទាវ អំពាវនាវដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន/សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាក់រៀលដែលជារូបិយវត្ថុជាតិរបស់៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025