ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សម្ពោធភាពយន្តថ្មីរបស់ Ben Affleck និង Matt Damon នៅមហោស្រពតិចសាស់

២១ មីនា ២០២៣ | កម្សាន្ដ

 

ភាពយន្តថ្មីដែលតារាសម្ដែង Ben Affleck (ប៊េន អាហ្វ្លិក) កាន់តំណែងជាអ្នកដឹកនាំ បានសម្ពោធចាក់បញ្ចាំងនៅមហោស្រពសិល្បៈទីក្រុងតិចសាស ដោយមានការចូលរួមពីតារាសម្ដែង Matt Damon (ម៉េត ដេម៉ន) ដែលជាតួអង្គឯក។

 


តារាសម្ដែងហូលីវូដ Ben Affleck (ប៊េន អាហ្វ្លិក) បានវិលត្រឡប់មកគ្រងតំណែងជាអ្នកដឹកនាំជាថ្មីម្ដងទៀតជាមួយភាពយន្តចំណងជើងថា 'Air' (អ៊ែរ) ដែលបានសម្ពោធចាក់បញ្ចាំងនៅថ្ងៃចុងបញ្ចប់នៃមហោស្រពសិល្បៈ South by Southwest (សោត បាយ សោតវែស) នៅឯទីក្រុងតិចសាស់។

 

 

ស្នាដៃថ្មីរបស់តួ “Batman” រូបនេះ គឺជាភាពយន្តដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍរបស់ម៉ាកសញ្ញា Air Jordan (អ៊ែរ ចដេន) ដ៏ល្បីល្បាញ ដែលភាពយន្តនេះនឹងចាក់បញ្ចាំងតាមរោងភាពយន្តចាប់ពីថ្ងៃទី៥ ខែមេសា។  

 


ក្នុងភាពយន្តនេះ មានតារាសម្ដែង Matt Damon (ម៉េត ដេម៉ន) ដើរតួជាតួអង្គឈ្មោះ Sonny Vaccaro (ស៊ុននី វាការ៉ូ) ជាអ្នកព្យាយាមចុះកុងត្រាជាមួយកីឡាករបាល់បោះ Michael Jordan (ម៉ាយឃើល ចដេន) ដើម្បីផ្ដល់ជីវិតដល់ម៉ាករបស់ Nike (ណាយគី)។

 

 

តារាស្រីឈ្នះពានអូស្ការ Viola Davis (វាយអូឡា ដេវីស) ដែលដើរតួសំខាន់ម្នាក់ដែរ បាននិយាយថាភាពយន្ត 'Air' (អ៊ែរ) នេះ នឹងផ្ដល់ភាពភ្ញាក់ផ្អើលដល់ទស្សនិកជន។

 


គួររំឭកថាអាជីពជាអ្នកដឹកនាំភាពយន្តរបស់តារាសម្ដែង Ben Affleck (ប៊េន អាហ្វ្លិក) បានចាប់ផ្ដើមនាឆ្នាំ២០០៧ ជាមួយភាពយន្ត 'Gone Baby Gone' (ហ្គន ប៊េប៊ី ហ្គន) ហើយនាឆ្នាំ២០១២ ភាពយន្ត 'Argo' (អាហ្គោ) របស់លោក បានឈ្នះពានរង្វាន់ភាពយន្តឆ្នើមពីកម្មវិធីអូស្ការ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024