ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ការប្រណាំងអូដ្ឋជាមួយរង្វាន់ ៥លានដុល្លារប្រារព្ធឡើងនៅសមុទ្រខ្សាច់អារ៉ាប៊ីសាអូឌីត

២១ មីនា ២០២៣ | កម្សាន្ដ



ការប្រណាំងអូដ្ឋជាមួយរង្វាន់ខ្ពស់បំផុត គឺរហូតដល់ជិត ៥លានដុល្លារ ត្រូវបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះនៅសមុទ្រខ្សាច់នៃប្រទេសអារ៉ាប៊ីសាអូឌីត។ការប្រណាំងអូដ្ឋនៅទីក្រុង Al Ula (អាល់អ៊ូឡា) ភាគពាយ័ព្យនៃប្រទេសអារ៉ាប៊ីសាអូឌីត មានឈ្មោះថា Al Ula Camel Cup (អាល់អ៊ូឡា ខេម៉ល ខាប់) បានបិទបញ្ចប់កាលពីចុងសប្ដាហ៍ ដោយអ្នកឈ្នះចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់រង្វាន់សរុបចំនួន ៤,៩ លានដុល្លារ ក្រោយឆ្លងកាត់ការប្រណាំងជាច្រើន។

 


ប្រារព្ធឡើងនៅកណ្តាលវាលខ្សាច់នៃទីក្រុង Al Ula (អាល់អ៊ូឡា) អ្នកចូលរួមរាប់រយនាក់មកពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងតំបន់ផ្សេងៗ បានប្រមូលផ្តុំគ្នាសម្រាប់ពិធីសម្ពោធព្រឹត្តិការណ៍នេះ។

 


ជាមួយរង្វាន់សរុបជាង ២១ លានដុល្លារ ការប្រណាំងនេះត្រូវបានចាត់ទុកថាជាការប្រកួតអូដ្ឋដ៏ធំ និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់ ដោយម្ចាស់សត្វអូដ្ឋ និងអ្នកបង្កាត់ពូជមកពីតំបន់ផ្សេងៗលើពិភពលោកបានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាច្រើន ពីចន្លោះថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមីនា។

 


បន្ថែមពីលើការប្រណាំងអូដ្ឋ ព្រឹត្តិការណ៍វប្បធម៌ និងការតាំងពិពណ៌ជាច្រើនក៏ត្រូវបានប្រារព្ធឡើងដែរ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌក្នុងតំបន់។គួរបញ្ជាក់ថា នៅក្នុងផែនការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរបស់ព្រះអង្គម្ចាស់ Mohammed bin Salman (មហាម៉ាត់ ប៊ិន សាលម៉ាន) ទីក្រុង Al Ula គឺជាគោលដៅលេចធ្លោយ៉ាងខ្លាំង។

 

 

រាជាណាចក្រមួយនេះកំពុងព្យាយាមបង្កើតចំណូលពីវិស័យទេសចរណ៍ ខណៈព្យាយាមបើកទូលាយដល់ពិភពលោក និងកាត់បន្ថយការពឹងពាក់តែលើវិស័យប្រេង ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024