ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣

ថៃ ក្លាយជាអ្នកនាំចេញកសិផលធំលំដាប់ទី ១៣ លើពិភពលោក

២៧ មករា ២០២៣ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានអះអាងថា ប្រទេសថៃ បានក្លាយជាប្រទេសនាំចេញកសិផលធំជាងគេទី ១៣ របស់ពិភពលោក បន្ទាប់ពីមានការកើនឡើងជាង ២០% នៃពាណិជ្ជកម្មកសិកម្មក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២២។

 

 

នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មាន The Nation។រដ្ឋមន្ត្រីបាននិយាយថា ការជួញដូរផលិតផលកសិកម្មរបស់ប្រទេសថៃ មានចំនួនសរុប ៤៧ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេល ១១ខែនេះ កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

 


ការកើនឡើងនៃការនាំចេញនេះ គឺដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបង្កើនការប្រកួតប្រជែងផ្នែកកសិកម្ម រួមទាំងយុទ្ធសាស្ត្រ សុវត្ថិភាព សន្តិសុខ និរន្តរភាព ការប្រើប្រាស់កាន់តែច្រើននៃបច្ចេកវិទ្យាកសិកម្មទំនើប និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈ។ជាមួយគ្នានេះ ការនាំចេញកសិផលថៃ បានកើនឡើងដល់ រដ្ឋដែលជាសមាជិកដទៃទៀតនៃអាស៊ាន ក៏ដូចជាប្រទេសក្រៅប្លុកដែលប្រទេសថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។

 


ការនាំចេញកសិផលទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀង បានកើនឡើង ១៨% រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ប៉េរូ ឈីលី និងឥណ្ឌា។
ពាណិជ្ជកម្មកសិកម្មជាមួយសមាជិកអាស៊ានផ្សេងទៀត ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម មានចំនួនសរុប ១៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២២ មានការកើនឡើង ២៤%។

 


សូមបន្ថែមថា ផលិតផលកសិកម្មកំពូលទាំង ៣ គិតតាមប្រាក់ចំណូលគឺ ផ្លែឈើ សាច់និងត្រី និងកៅស៊ូ ខណៈ ទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ គឺប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអូស្ត្រាលី៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023